ព័ត៌មានជាតិ

តុលាការកាត់ទោសបុរសម្នាក់ ដែលយកឈ្មោះ ប្រធាន ACU និងថ្នាក់ដឹកនាំដើរបោកពលរដ្ឋ

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ លោក នូ វាសនា ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការ កាត់ទោសបុរសម្នាក់ ពាក់ព័ន្ធករណី ឆបោក ពលរដ្ឋនៅខេត្តក្រចេះ និងបន្ទាយមានជ័យ ដោយប្រើឈ្មោះថ្នាក់ដឹកនាំមួយចំនួន។

លោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការបានចោទប្រកាន់លើឈ្មោះ ស មឿនតារា ហៅ ស ឧត្តម ហៅ ស មង្គលឧត្តម ហៅ ប្រុស ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ឯកជន ពីបទ ឆបោក មានស្ថានទម្ងន់ទោស ប្រព្រឹត្តអំឡុងខែមិថុនា ឆ្នាំ២០១៧ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការជនជាប់ចោទឈ្មោះ ស មឿនតារា បានថ្លែងទទួលស្គាល់ថា រូបគេពិតជាបានយកឈ្មោះលោក ឱម យិនទៀង ,លោក ប្រាក់ សុខុន, លោក យឹម ឆាយលី និងលោក ប៉ុល សារឿន ដើរបោកប្រាស់ប្រជាពលរដ្ឋក្នុងរឿងទំនាស់ដីធ្លី និងរត់ការឡើងស័ក្តិ មែន។

យោងតាមការបញ្ជាក់របស់លោក ហ៊ូ ស្ថាបនា មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យសវនាការដឹងថា ជនជាប់ចោទខាងលើបាន ដើរប្រាប់ពលរដ្ឋ និងមន្ត្រីនៅស្រុក សំបូរ និងស្រុកចិត្របុរី ខេត្តក្រចេះ និងខេត្តបន្ទាយមានជ័យ ថារូបគេ ជាជំនួយការ លោក ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន ACU និងជាមន្ត្រីជាន់ខ្ពស់នៅតុលាការយោធា ហើយស្គាល់អ្នកធំច្រើនណាស់នៅទីស្តីការគណ:រដ្ឋមន្ត្រី។

ក្រោយពីបានអួតអាងបែបនោះ ជនជាប់ចោទ បានដើរឆបោកលុយពី ពលរដ្ឋ និងមន្ត្រី ចំនួន ៤នាក់ បានលុយចន្លោះពី ១០០ដុល្លារ ទៅ១២០០ដុល្លារ ក្នុងការរត់ការដោះស្រាយរឿងក្តី និងឡើងស័ក្តិ។

ក្រោយទទួលបានព័ត៌មាន ទើប ACU បានបើកការស្រាវជ្រាវរហូតឃាត់ខ្លួន ជនជាប់ចោទខាងលើ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ នៅខេត្តក្រចេះ។

ទោះជាយ៉ាងណា សំណុំរឿងនេះត្រូវតុលាការលើកពេលទៅប្រកាសសាលក្រមនៅរសៀលថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៨ខាងមុខ៕

មតិយោបល់