Post News Media ព័ត៌មានជាតិ កាត់ទោសបុរសបើ...

កាត់ទោសបុរសបើករថយន្តបុកមនុស្សស្លាប់ និងរបួសជាង១០នាក់ នៅជិតសាលាបឹងត្របែក

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ លោក នូ វាសនា ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការ កាត់ទោសបុរសម្នាក់ដែលបាន បើករថយន្តបុកមនុស្សស្លាប់ និងរបួសជាង១០នាក់ នៅជិតសាលាបឹងត្របែក។

លោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការបានចោទប្រកាន់លើជនជាប់ចោទឈ្មោះ មាស សុខហេង ភេទប្រុស អាយុ៣០ឆ្នាំ ពីបទ បើកបរធ្វេសប្រហែសបណ្តាលឲ្យស្លាប់អ្នកដទៃ ប្រព្រឹត្តកាលពីល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ យោងតាមមាត្រា ៨៥ ច្បាប់ស្តីពី ចរាចរណ៍ ផ្លូវគោក ដោយបានបើករថយន្តបុកមនុស្សស្លាប់ ៣នាក់ និងរងរបួស ចំនួន ៨នាក់ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្បែរវិទ្យាល័យបឹងត្របែក ក្នុងខណ្ឌចំការមន។

នៅក្នុងសវនាការ ជនជាប់ចោទ មិនអាចឆ្លើយបញ្ជាក់ ទៅនឹងសំនួររបស់តុលាការបានឡើយ ព្រោះជនជាប់ចោទ មានបញ្ហាខួរក្បាលធ្ងន់ធ្ងរ មិនអាចចងចាំអ្វីបានទាំងអស់ ក្រោយពីប្រជាពលរដ្ឋព្រួតគ្នាវាយឲ្យរបួសក្បាលពេលថ្ងៃកើតហេតុ។

នៅក្នុងសំណុំរឿងនេះ មានតែតំណាងជនរងគ្រោះ ដែលស្លាប់ ទាំង៣នាក់ និងរបួសធ្ងន់ម្នាក់ ប៉ុណ្ណោះ បានប្តឹងទាមទារសំណងជំងឺចិត្ត ក្នុងម្នាក់ៗ ចំនួន ១ម៉ឺនដុល្លារ។

គួររំលឹកថា កាលពីល្ងាចថ្ងៃទី២៧ ខែមីនាឆ្នាំ២០១៧ កន្លងទៅជនជាប់ចោទ ឈ្មោះ មាស សុខហេង មុខរបរលក់ទូរសព្ទ មានទីលំនៅផ្ទះលេខ១១១ ផ្លូវជាតិលេខ២ សង្កាត់ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានបើករថយន្តម៉ាក TOYOTA CAMRY ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2M-2245 បញ្ច្រាសទិស បុករះម៉ូតូ៧គ្រឿង នា បណ្តាលឲ្យមនុស្សស្លាប់៣នាក់ រងរបួសធ្ងន់ស្រាលចំនួន ៨នាក់។

ជនរងគ្រោះ ៣នាក់ដែលបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុរួមមានទី១ឈ្មោះ វ៉ង សុខណាក់ ភេទប្រុស អាយុ៣៥ឆ្នាំ ជាប្តីទី២ឈ្មោះ សេង អាន ភេទស្រី អាយុ ២៥ឆ្នាំ និងទី៣ឈ្មោះ ណា ស្រីនីន ភេទស្រីអាយុ ២៣ឆ្នាំ ជាក្មួយស្រី ស្នាក់នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

ទោះជាយ៉ាងណា សំណុំរឿងនេះត្រូវតុលាការលើកពេលទៅប្រកាសសាលក្រមនៅរសៀលថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៨ខាងមុខ៕

Loading...