ព័ត៌មានជាតិ

មានទាំងជក់មានទាំងជួញ នៅកំពោធព្រៃក្នុងបុរីកាំងម៉េង

ភ្នំពេញ: នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១និង៤០នាទីរសៀល កម្លាំងនគរបាលខណ្ឌដង្កោបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពីបទប្រើប្រាស់ និងជួញដូរខុសច្បាប់នូវសារធាតុញៀន
ស្ថិតត្រង់កំពោធព្រៃក្នុងបុរីកាំងម៉េង ភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ ណែម ខួច ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី២ឈ្មោះ ចេក ថន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ទី៣ឈ្មោះ ភ័ណ្ឌ សុវណ្ណារី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកហូកើត សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី៤ឈ្មោះ ដា បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី៥ឈ្មោះ សៀ វិច្ឆិកា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី៦ឈ្មោះ ឆាង សារ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី៧ឈ្មោះ រិន ចន្នី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី៨ឈ្មោះ ខែម កាណាន់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី៩ឈ្មោះ ជួន ជីវ័ន្ត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី១០ឈ្មោះ រិន ណារ៉ុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

វត្ថុតាងដែលដកហូតបាន រួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន៦កញ្ចប់ សម្ភារ:ប្រើប្រាស់គ្រឿងញៀនមួយចំនួន ម៉ូតូចំនួន៣គ្រឿង ទី១ម៉ាកស៊ុយសាគីស្មាសរ៉េវ៉ូ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1U-0537 ទី២ម៉ាកហុងដាស្កុបពី ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FV-5172 និងទី៣ម៉ាកយ៉ាមមហា(EXCITER) ពណ៌ខ្មៅ គ្មានស្លាកលេខ។

មុនពេលកើតហេតុ នៅថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញនគរបាលខណ្ឌដង្កោសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស បានជិះម៉ូតូល្បាតក្នុងមូលដ្ឋានសង្កាត់ព្រែកកំពឹស លុះដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យចំនួន៤នាក់ កំពុងតែប្រើប្រាស់សារធាតុញៀនក្នុងកំពោធព្រៃ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាង និងសម្ភារ:ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតតែម្តង។

ក្រោយទទួលបានចម្លើយ ពីជនសង្ស័យឈ្មោះ ភ័ណ្ឌ សុវណ្ណារី ដោយឆ្លើយសារភាព ប្រាប់សមត្ថកិច្ចឲ្យស្គាល់ពី អត្តសញ្ញាណ អ្នកជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ចំនួន៣នាក់ទៀត លុះដល់វេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានស្រាវ ជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យចំនួន៧នាក់ទៀតផងដែរ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងកំពុងរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសាកសួរនិងកសាងសំណុំរឿង រួចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់