ព័ត៌មានជាតិ

កុំស្មានថា ជិះឡានលក់ថ្នាំញៀនហើយ គេមិនដឹងនោះ!

ភ្នំពេញ: ជនសង្ស័យម្នាក់កាន់តែហ៊ាន កាន់តែព្រហើន បើករថយន្តដើរលក់ថ្នាំញៀន ទីបំផុតត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងធំ ល្បាតជួបឃើញឃាត់ខ្លួនបានរួមទាំងរថយន្តមួយគ្រឿង និង ថ្នាំញៀន២០កញ្ចប់ កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួនបាន ឈ្មោះ ប៊ូ សុខរ៉ៃ ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរចែកចាយគ្រឿងញៀន មានទីលំនៅ ភូមិ សង្កាត់កើតហេតុ ខាងលើ ។

បន្ទាប់ពីមានកិច្ចសហការល្អជាមួយបងប្អូនប្រជាពលរដ្ឋ និងក្រោមបញ្ជារបស់លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បង្កើនការយកចិត្តទុកដាក់ រាល់ការបង្ក្រាប និងទប់ស្កាត់បទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋាន ដើម្បីរក្សាបាននូវសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ទើបកម្លាំងនគរបាលប៉ុស្តិ៍បឹងធំ ល្បាតប្រទះជួបជនសង្ស័យ កំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន ទើបកម្លាំងឃាត់ខ្លួនភ្លាមៗ រកឃើញថ្នាំញៀនចំនួន២០កញ្ចប់ ក្នុងនោះ ធំ២កញ្ចប់ ។

តាមការសារភាព ជនសង្ស័យទើបតែវិលមកពីទិញគ្រឿងញៀនគិតជាទឹកប្រាក់អស់ជាង៥០០ដុល្លារ យកមកចែកចាយបន្ត ឲ្យអតិថិជនអ្នកជក់ក្នុងភូមិ ។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ រួមជាមួយរថយន្តការីឆ្លាមមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2J-4275 និងថ្នាំញៀន២០កញ្ចប់ ត្រូវបាន លោក មន វុធី អធិការរងខណ្ឌពោធិ៍សែនជ័យ ទទួលបន្ទុកផ្នែកគ្រឿងញៀន ដឹកនាំកម្លាំង ចុះទៅសាកសួរ និងនាំខ្លួនជនសង្ស័យទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់ ៕

មតិយោបល់