ព័ត៌មានជាតិ

ជំងឺផ្ដាសាយបក្សី H5N1 កំពុងរាលដាលជាបន្តបន្ទាប់ហើយ!..

យោងតាមផេក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងទាំងស្រុងថា ថ្មីៗនេះមានការផ្ទុះជំងឺផ្ដាសាយបក្សី H5N1 កើតលើសត្វបក្សីជាបន្តបន្ទាប់គឺផ្ទុះនៅស្រុកព្រៃឈរ និងស្រុកចម្ការលើ ខេត្តកំពង់ចាម និងស្រុកស្ទោង ខេត្តកំពង់ធំ ករណីផ្ទុះទាំងបីនេះ ពុំទាន់រកឃើញមានការឆ្លងមកលើមនុស្សនៅឡើយទេ តែមន្រ្តីជំនាញក្រសួងសុខាភិបាលកំពុងបន្តតាមស្ថានភាពជំងឺយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសុខភាពមនុស្ស សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់អំពីការចម្លងជំងឺនេះ ជាពិសេស ក្នុងពិធីបុណ្យផ្សេង ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ សូមបងប្អូនប្រុងប្រយ័ត្នជានិច្ចអំពីការចម្លងជំងឺផ្តាសាយបក្សី ។

សំខាន់សូមកុំយកមាន់ ទា ឬសត្វបក្សីឈឺឬងាប់ មករៀបចំជាអាហារ ឫលក់បន្ត ត្រូវអនុវត្តអនាម័យក្នុងការ បោចរោម និង ចម្អិនជាប់ជានិច្ច និងរាយការណ៍ជាបន្ទាន់ទៅមន្រ្តីជំនាញ ។ សូមរំលឹកថា ចាប់តាំងពីឆ្នាំ ២០០៥ ដល់ ២០១៤ ក្នុងប្រទេសយើងធ្លាប់កើតមានជំងឺផ្តាសាយបក្សី ដែលបានឆ្លងពីសត្វបក្សីមកមនុស្សចំនួន៥៦ករណីដែលក្នុង នោះ ៣៧ ករណីបានស្លាប់ ។ ដោយឡែកគ្រាន់តែឆ្នាំ ២០១៣ មានឆ្លងលើមនុស្សចំនួន ២៦ករណី ដែលក្នុងនោះមាន ១៤ករណីបានស្លាប់ និង ក្នុងឆ្នាំ២០១៤ មាន ៩ករណី និង ៤ករណីបានស្លាប់ ។ បុគ្គលដែលមានរោគសញ្ញាគ្រុនក្តៅ លើសពី ៣៨.៥ អង្សារសេ និងមានរោគសញ្ញា ក្អក ឬ ឈឺក ឬ ដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅមណ្ឌល់សុខភាព ឬមន្ទីរពេទ្យជិតបំផុតដើម្បីធ្វើការព្យាបាល យើងមានឱសថសំរាប់ព្យាបាលជំងឺនេះ ។

ព័ត៌មានបន្ថែមសូម ទាក់ទងទូរស័ព្ទលេខ ១១៥ ។

មតិយោបល់