ព័ត៌មានជាតិ

ដាក់ថ្នាំសណ្ដំបុរសអ្នករត់ឌុប លួចយកម៉ូតូ១គ្រឿងកាលពី៤ខែមុន ត្រូវចាប់ខ្លួន!.

​ភ្នំពេញ: នាងខារ៉ាអូខេម្នាក់ ត្រូវបានបុរសអ្នករត់ម៉ូតូឌុបម្នាក់រួមជាមួយមិត្តភក្តិនិងសាច់ញាតិ ធ្វើការចាប់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ កន្ទោកធ្វើការសួរនាំក្រោយពេលស្រ្តីខាងលើ រួមជាមួយបុរសម្នាក់ទៀត ដែលជាសង្សារបានធ្វើសកម្មភាពល្បួងបុរសអ្នករត់ឌុបម្នាក់ នោះទៅផឹកទឹកត្នោតជូរដែលបានដាក់ថ្នាំសណ្ដំរួចជាស្រេច ហើយនៅពេលដែលជនរងគ្រោះសន្លប់ ស្រ្តីខាងលើនិងសង្សារបានលួច យកម៉ូតូ១គ្រឿងជិះគេចខ្លួនបាត់ស្រមោលតែម្ដង។

ដោយឡែកបុរសរងគ្រោះបានតាមរកស្រ្តីខាងលើចាប់តាំងពីក្រោយពេលកើត ហេតុរហូតមកអស់រយ:ពេល៤ខែកន្លងមកហើយ ទើបតែវេលាម៉ោងជិត៦ល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ប្រទះឃើញស្រ្តីរូបនោះ នៅតាមផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ក៏បានធ្វើការឃាត់ខ្លួននាំទៅប្រគល់ជូន នគរបាលប៉ុស្ដិ៍កន្ទោកដើម្បីសាកសួរ។
នាងខារ៉ាអូខេដែលជាជនសង្ស័យនោះឈ្មោះ វឿន ចន្ធូ អាយុ២៩ឆ្នាំ ចំណែកសង្សារមិនត្រូវបានស្គាល់ ឈ្មោះឡើយ។ ពួកគេបានរួមដៃគ្នាដាក់ថ្នាំសណ្ដំបុរសអ្នករត់ឌុបម្នាក់ឈ្មោះ យ៉ន យ៉ាន អាយុ៣៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។យកអស់ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1K-3849 ។

សមត្ថកិច្ចដដែលបានបន្តទៀតថា កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ស្រ្តីសង្ស័យខាងលើបាន ខលហៅជនរងគ្រោះឲ្យទៅផឹកទឹកត្នោតជូរនៅភូមិព្រៃបឹង សង្កាត់កន្ទោក ពេលនោះដោយសារតែជាមនុស្សរាប់អានគ្នាជនរងគ្រោះ ក៏បានយល់ព្រមទៅជាមួយ លុះពេលផឹកនៅទីនោះមួយតង់ហើយ ក៏បានបន្តទៅផឹកស៊ីនៅតូបលក់សាច់ក្រកអាំង ដែលមានទីតាំង ស្ថិតនៅក្នុងភូមិគល់ សង្កាត់កន្ទោក តាមបណ្ដោយផ្លូវជាតិលេខ៤មួយតង់ទៀត។ រហូតដល់វេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃដដែល ដោយសារតែពួកគេដាក់ថ្នាំសណ្ដំនៅក្នុងទឹកត្នោតជូរ បានធ្វើឲ្យជនរងគ្រោះស្រវឹងវង្វេងបាត់ស្មារតី ហើយខណ:នោះស្រ្តីសង្ស័យ និងសង្សារបាននាំជនរងគ្រោះទៅកាន់បន្ទប់ជួលរបស់ខ្លួន ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ដាក់ឲ្យដេកសន្លប់នៅក្នុងបន្ទប់នោះ បន្ទាប់មកពួកគេបានជិះម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនទៅកាន់ខេត្តស្វាយរៀងនិងមិនបានត្រឡប់មកភ្នំពេញវិញឡើយ។

លុះនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៦ ល្ងាច ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ទើបប្រទះឃើញជនសង្ស័យខាងលើកំពុងស្ថិតនៅតាមផ្លូវវេងស្រេង ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាង់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ក៏បានធ្វើការឃាត់ខ្លួននាំយកទៅប្រគល់ជូននគរបាលប៉ុស្តិ៍កន្ទោកតែម្តង សាកសួរនិងចាត់ការតាមច្បាប់ ចំណែកប្រុសស្នេហ៍បានគេចខ្លួនបាត់ស្រមោល៕

មតិយោបល់