ព័ត៌មានជាតិ

ហាយឡែនឌ័រ បើកបញ្ច្រាសផ្លូវទៅរថយន្តក្រុមហ៊ុនសម្លាប់សត្វល្អិត របួសធ្ងន់ម្នាក់!

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តរេចង្កូត ចូលផ្លូវម្ខាងទៀតបញ្ច្រាសទិសចរាចរណ៍ ជ្រុលទៅបុករថយន្តមួយទៀត បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ស្តុបក្តាន់២ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2J-7576 បើកបរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃ ចូលផ្លូវម្ខាងទៀត ដែលផ្លូវចញ្ច្រាសចរាចរណ៍ បណ្តាលជ្រុលចង្កូតទៅរថយន្តមួយគ្រឿងទៀតម៉ាកនីសាន់ ជាប្រភេទរថយន្តក្រុមហ៊ុនសម្លាប់សត្វល្អិត ជិះ ដោយបុរស៣នាក់ បញ្ច្រាសទិសដៅគ្នាពីលិចទៅកើតពេញទំហឹង បណ្តាលឲ្យថយន្តទាំង២គ្រឿង ខូចខាតផ្នែកខាងឆ្វេងដូចគ្នាយ៉ាងដំណំ។ ចំណែកខាងម្ចាស់រថយន្តហាយឡែនឌ័រ គួបផ្សំនឹងស្រវឹងផងនោះ បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់បានវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះគ្នានៅពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់