ព័ត៌មានជាតិ

ចាប់បានបក្ខពួកមេខ្លោង ប្លន់ប្រដាប់អាវុធ នៅស្រុកអង្គស្នួល!

កណ្តាល: សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបក្ខពួកមេខ្លោង ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស(ប្រើអាវុធខ្លី) កាលពីវេលាម៉ោង២ និង៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុច ផ្លូវលំ ភូមិរការធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ សាន ណារ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី១០A មានទីលំនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនល្មើស៣នាក់(ប្រុស) ឃាត់ខ្លួន២នាក់ ទី១-ឈ្មោះ ងួន មេត្តា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ជាមេខ្លោងធ្វើសកម្មភាព ហើយក៏ជាមុខសញ្ញាប្រើប្រាស់ថ្នាំ ញៀនរយ:ពេល៣ឆ្នាំ (ឃាត់ខ្លួនថ្ងៃទី២៨.១២.២០១៧)។ ទី២-ឈ្មោះហេង លីម៉េង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅ ភូមិខោប សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួនថ្ងៃទី២៩.១២.២០១៧)។ និងទី៣-ឈ្មោះ គុង ហៅពៅ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ស្នាក់នៅសង្កាត់កាកាប ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ (គេចខ្លួន) ។
វត្ថុតាងចាប់យក៖ អាវុធខ្លី១ដើម ម៉ាកK៥៩ ក្រូមេ ពណ៌ស លេខ(០៧៥៧,បង់ចំនួន១និងគ្រាប់ចំនួន៨),ម៉ូតូ១គ្រឿង ម៉ាកEXCITER ស៊េរីឆ្នាំ២០១៥ ពណ៌ស លាយក្រហម គ្មានស្លាកលេខ (របស់ជនរងគ្រោះ) និងទូរសព្ទដៃ១គ្រឿង ម៉ាកណូគា។

នៅមុនពេលកើតហេតុកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅផ្ទះមិត្តភក្តិនៅភូមិកើតហេតុ ពេលទៅជិតដល់ស្រាប់តែជនល្មើសជិះម៉ូតូមួយគ្រឿងម៉ាកសង់២០១៥ ពណ៌ខ្មៅ មានគ្នា៣នាក់ ឈ្មោះ ងួន មេត្តា ជាអ្នកឌុបតាមមកពីក្រោយពាក់ទឹមបញ្ជាឲ្យជនរងគ្រោះឈប់ តែជនរងគ្រោះមិន ឈប់ទើបជនល្មើសបង្កើនល្បឿនទៅឈប់កាក់ពីមុខ ហើយឈ្មោះ ងួន មេត្តា បានចុះពីលើម៉ូតូដក អាវុធខ្លីភ្ជង់គំរាមយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនទៅទិសខាងជើង។ ភ្លាមនោះជនរងគ្រោះបាន រត់មករាយការណ៍ជូនកម្លាំងសមត្ថកិច្ចកំពុងល្បាតក្បែរនោះ ទើបកម្លាំងអធិការដ្ឋាននគរបាលស្រុក និងប៉ុស្ដិ៍ ធ្វើការដេញតាមពួនស្ទាក់ឃាត់ខ្លួនជនល្មើសឈ្មោះ ងួន មេត្តា បាននៅសង្កាត់ឪឡោក ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកបក្ខពួកពីរនាក់ទៀតបានជិះម៉ូតូបែកផ្លូវគ្នាគេចខ្លួនបាត់ ។

លុះដល់ថ្ងៃទី២៩.១២.២០១៧ វេលាម៉ោង៧ និង៣៧នាទី នៅចំណុចផ្ទះសំណាក់ថ្មត្រជាក់ ភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងនគរបាលស្រុកសំរោងទង ,ក្រុងច្បារមន និងការិយាល័យកម្រិតធ្ងន់ខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនបានជនល្មើសម្នាក់ទៀតឈ្មោះ ហេង លីម៉េង ។

តាមចម្លើយសារភាពរបស់ជនល្មើសឈ្មោះ ងួន មេត្តា បានឆ្លើយថាខ្លួនជាម្ចាស់អាវុធខ្លី និងជា មេខ្លោងក្នុងករណីលួចមានស្ថានទម្ងន់(ប្រើអាវុធខ្លី) ហើយបានប្រើប្រាស់ថ្នាំញៀនរយ:ពេល៣ឆ្នាំមកហើយ។ មុនពេលធ្វើសកម្មភាពក្រុមខ្លួនបានមកផឹកស៊ីនៅកន្លែងលក់សាច់ក្រកកំបូល ផឹកស្រាបៀរកម្ពុជាអស់១កញ្ច្រែង ទើបចេញធ្វើសកម្មភាពតែម្តង។

បច្ចុប្បន្នជនល្មើស ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនីតិវិធីច្បាប់៕

មតិយោបល់