ព័ត៌មានជាតិ

គ្នាឯងសោះ! ស្វាគមន៍មួយដបស្រាអាឡិចស៊ង់វីស្គី ដេរ២០ថ្នេរ..

ភ្នំពេញ: យុវជន២នាក់ ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកឃ្លាង ធ្វើការឃាត់ខ្លួន បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ថាពួកគេទាំង២នាក់បានផឹកស៊ីស្រវឹង ហើយកើតហិង្សានិងវាយគ្នាទៅវិញទៅមក បណ្តាលឲ្យភាគីម្ខាងរងរបួសបែកក្បាលដេរ២០ថ្នេរ និងភាគីម្ខាងទៀតរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅតាមផ្លូវលំ ក្រុម៤ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ភាគីទី១ឈ្មោះ វ៉ាង តុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅបន្ទប់ជួលកើតហេតុ មានស្រុកកំណើតភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកអន្លង់វិល ខេត្តបាត់ដំបង។
ភាគីទី២ឈ្មោះ វី គឹមសាន្ត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅបន្ទប់ជួលហើតហេតុ មានស្រុកកំណើតភូមិអរិយក្សត្រ ឃុំអរិយក្សត្រស្រុកល្វាឯម ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុឈ្មោះ វី គឹមសាន្ត បានទៅផឹកស៊ីនៅផ្ទះមិត្តភក្តិឈ្មោះក្រពើ ក្នុងភូមិជាមួយគ្នា ក្រោយពីផឹកស៊ីស្រវឹងហើយឈ្មោះក្រពើបានជូនឈ្មោះវី គឹមសាន្ត មកផ្ទះជួលវិញ ពេលដែលមកដល់ពួកគេក៏ឈរចាំឲ្យអ្នកនៅខាងក្នុងមកបើកទ្វារឲ្យ ពេលនោះស្រាប់តែឈ្មោះ វ៉ាង តុង ដើរម្នាក់ឯងចេញពីផ្ទះអ្នកជិតនោះដើរមកបុកឈ្មោះក្រពើព្រោះពួកគេធ្លាប់ស្គាល់គ្នា ហើយក្នុងបំណងធ្វើលេង។

ពេលនោះស្រាប់តែឈ្មោះក្រពើថា«ឯងអត់ភ្នែកទេអី?»បន្ទាប់មកក៏បានទាស់ពាក្យសម្តីជាមួយឈ្មោះវី គឹមសាន្តតែម្តងទៅ។

ប្រភពដដែលបន្តថា ក្រោយពីមានទំនាស់ពាក្យសម្តីគ្នាឈ្មោះ វី គឹមសាន្ត បានចូលទៅបន្ទប់ជួលទាញយកដបស្រាអាឡិចស៊ង់វីស្គី មក
វាយលើឈ្មោះ វ៉ាង តុង ពេលនោះឈ្មោះ វ៉ាង តុង បានដណ្តើមយកដបស្រានោះបានវិញក៏វាយទៅលើឈ្មោះ វី គឹមសាន្តត្រូវចំក្បាលផ្នែកខាងឆ្វេងបណ្តាលឲ្យបែកហូរឈាមដេរចំនួន២០ថ្នេរ។ ក្រោយប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ចុះទៅឃាត់ខ្លួនទាំងសងខាងយកមកសាកសួរនិងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌតែម្តង។

ក្នុងករណីទំនាស់ខាងលើនេះអាណាព្យាបាលសងខាងបានមានចម្ងល់យ៉ាងខ្លាំងថាពួកគាត់បានសម្របសម្រួលនិងមិនប្តឹងផ្តល់គ្នាឡើយ ហេតុអ្វីសមត្ថកិច្ចមិនព្រមដោះលែងកូនរបស់គាត់បែរជាយកទៅឃុំខ្លួនទៅវិញ។
តែទោះជាយ៉ាងណាករណីខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនយុវជនទាំង២នាក់បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំសាកសួរបន្ត៕

មតិយោបល់