ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក កៀរម៉ូតូបុរសម្នាក់ ដួលបោកក្បាល​នឹងថ្នល់ រងរបួសធ្ងន់!

ភ្នំពេញ: បុរសម្នាក់កំពុងជិះម៉ូតូម្នាក់ឯង ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកកៀរដួលបោកក្បាល រងរបួសធ្ងន់ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ចំណុចមុខស្ថានីយ៍ប្រេងឥន្ធន:តេលា ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ហឿង ហួរ អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់ស្នាក់នៅបន្ទប់ជួល ភូមិច្រេស សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ មានស្រុកកំណើតនៅខេត្តក្រចេះ ជិះម៉ូតូម៉ាកឌ្រីម ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BL 3252។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងខាងលើតែម្នាក់ឯង តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកបានបើកមកពីក្រោយវ៉ាម៉ូតូជនរងគ្រោះខាងស្តាំដៃបានជ្រុលទៅកៀរម៉ូតូជនរងគ្រោះដួលមកខាងឆ្វេងដៃបណ្តាលឲ្យបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ ហើយរថយន្តបង្កបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុហៅរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកនៅប៉ុស្តិ៍ព្រែកព្នៅ ដើម្បីរង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់យកម៉ូតូត្រឡប់ទៅវិញ៕

មតិយោបល់