ព័ត៌មានជាតិ

ជួញដូរគ្រឿងញៀនមានទាំងដាវ មានទាំងគ្រាប់កាំភ្លើង!.

ក្រចេះ: ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងជំនាញគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកឆ្លូង សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ឃុំដំរីផុង ធ្វើការស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនបាន កាលពីវេលាម៉ោង៤និង៥០នាទី ល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅទួលគ្រោះ ក្នុងភូមិប្រឡាយត្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។

ជនសង្ស័យទាំង២ទី១ឈ្មោះ ឃុន ធូ អាយុ៣៤ឆ្នាំ ជាប្តី ស្នាក់នៅភូមិ១០មករា ឃុំបុស្សខ្នុល ស្រុកចម្ការលើ ខេត្តកំពង់ចាម និងជនសង្ស័យទី២ឈ្មោះ តូច លក្ខិណា អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ត្រូវជាប្រពន្ធរបស់ជនសង្ស័យម្នាក់ទៀតឈ្មោះ ទិត ម៉ាត់ ជនជាតិឥស្លាម ដែលកំពុងរត់គេចខ្លួន។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន កាំភ្លើងខ្យល់កែច្នៃចំនួន៣ដើម ,ថង់ប្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន , ដាវចំនួន២, កាំបិតស្នៀត១, ដែកកេះចំនួន១០,គ្រាប់កាំភ្លើងអាកាចំនួន៥គ្រាប់ ដបនិងទុយោសម្រាប់ជក់គ្រឿងញៀន១។

បញ្ជាក់ថា ជនសង្ស័យឈ្មោះ តូច លក្ខិណា និងប្តីឈ្មោះ ទិត ម៉ាត់ ដែលកំពុងគេចខ្លួននោះ គឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មទៀតហើយ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកឆ្លូង ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបន្តចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់