ព័ត៌មានជាតិ

ស៊យហើយលោកDirector! បុកគេហើយ ប្រពន្ធនិងស្រីស្នេហ៍ឈ្លោះគ្នាផ្អើលពេញផ្លូវទៀត!

ភ្នំពេញ: បុរសជនបរទេសម្នាក់ ស្រវឹងស្រាបើករថយន្តបុករះម៉ូតូ៤គ្រឿង និងរម៉កកង់បី២គ្រឿង នៅតាមផ្លូវ៥១ ម្ដុំសូរិយាម៉ល ហើយបើករត់រហូតមកដល់ផ្លូវ១០៦ ម្ដុំស្ពាននាគ ត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចឃាត់បាន ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង២និង១០នាទីយប់ ឈានចូលថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០១៧នេះ នៅចំណុចផ្សារទំនើបសូរីយាម៉ល ផ្លូវលេខ៥១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនបង្កហេតុនោះឈ្មោះ MERKUS KALUS ជាជនជាតិស្វីស មុខរបរDirector ស្នាក់នៅរាជធានីភ្នំពេញ មានប្រពន្ធជាជនជាតិហ្វីលីពីន ។

ប្រភពពីអ្នកឃើញហេតុការណ៍ផ្ទាល់បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញជនបរទេសម្នាក់បើករថយន្ត ឌុបនារីម្នាក់ទៀត ទាំងស្ថានភាពស្រវឹងស្រាទាំង២នាក់ ខណ:ពេលធ្វើដំណើរមកដល់ផ្លូវលេខ៥១ ក៏ជ្រុលទៅបុកម៉ូតូ៣គ្រឿង និងរម៉កកង់បី២គ្រឿង ដែលចតនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាត តែមិនបណ្ដាលឲ្យមានអ្នកណារងរបួសនោះទេ រួចក៏បន្ថែមល្បឿនបើករត់គេចខ្លួន មកដល់ចំណុចផ្លូវព្រះនរោត្តម កែងផ្លូវ១០៦ ម្ដុំស្ពាននាគ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចតាមឃាត់រថយន្តបាន។ តែអ្វីដែលភ្ញាក់ផ្អើលនោះ គឺក្រោយពីកើតហេតុ ស្រាប់តែមានជម្លោះមួយទៀតកើតឡើង ដោយស្ត្រីជាប្រពន្ធរបស់បុរសជនបរទេសខាងលើ បានឈ្លោះប្រកែកពាក្យសម្តីគ្នាខ្លាំងជាមួយនារីដែលជាស្រីស្នេហ៍របស់បុរសរូបនោះបន្ថែមទៀត។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកធ្វើការសាកសួរនិងបានទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុងឲ្យមកធ្វើការដោះស្រាយ ហើយភាគីខាងប្រពន្ធអ្នកបង្ក ក៏ព្រមសងទៅខាងភាគីរងគ្រោះទាំងអស់ចំនួន៣០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់