Post News Media ព័ត៌មានជាតិ ធ្ងន់.កហើយ! រ...

ធ្ងន់.កហើយ! រថយន្តដឹកទឹកកក បុករះកង់បីក្រឡាប់ប៉ះរថយន្តឡិសស៊ីស៤៧០ស្លាកលេខ កណ្ដាល 2A-6979ទៀត!

ភ្នំពេញ: រថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង បើកយ៉ាងលឿនចាប់ហ្វ្រាំងមិនស៊ី ជ្រុលបុករម៉កកង់បីចំពីក្រោយពេញទំហឹង រួចរេចង្កូត បុករនាំងថ្មចែកផ្លូវបាក់អស់២ផ្ទាំង រីឯកង់បីក្រឡាប់ប៉ះរថយន្តឡិចស៊ីស៤៧០ មួយគ្រឿងទៀត បើកទ្វាចុះរត់គេចខ្លួនបាត់ពីីកន្លែងកើតហេតុ ។​

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ នៅទល់មុ​ខហាងលក់ក្បឿង ម៉ៅ គឹម សៀង តាមបណ្ដោយផ្លូវជាតិលេខ២ ភូ​មិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញ រថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-1491 បើកបរទិសដៅ ពីជើងទៅត្បូងក្នងល្បឿនយ៉ាងលឿន លុះដល់ចំណុច កើតហេតុខាងលើ ចាប់ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុក រម៉កកង់បី ពាក់ស្លាកលេខ កណ្ដាល 1A-0592 ពីក្រោយពេញទំហឹង បណ្ដាលឲ្យកង់បីក្រឡាប់ រួចរេចង្កូតទៅបុករនាំងថ្មចែកទ្រូងផ្លូវបាក់អស់២ផ្ទាំង ចំណែកឯកង់បីបានក្រឡាប់ប៉ះរថយន្តឡិចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 2A-6979 បណ្ដាលឲ្យរងការខូតខាតផ្នែកខាងក្រោយនិងស្តុបឆ្វេង និងកង់បីសង្កត់ពីលើអ្នកបើកកង់បី បណ្ដាលឲ្យរងរបួសដៃឆ្វេង ដោយស្រែកឲ្យគេជួ​យផងៗ ឃើញដូច្នេះប្រជាពលរដ្ឋនៅផ្ទះជិតៗកន្លែងកើតហេតុនាំគ្នារត់ចូលទៅជួយលើកកង់បីចេញដើម្បីសង្គ្រោះទាន់ ។​

ភ្លាមៗនោះអ្នកបើករថយន្តបង្កហេតុក៏បានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល ទុកឲ្យព្រូរថយន្តនៅអង្គុយ ក្នុងកាប៊ីនតែម្នាក់ឯង។​

ក្រោយកើតហេតុក៏ឃើញនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមមកជួយអន្តរាគមន៍និងជួយសម្រួលចរាចរណ៍ និងគូសគំនូសយករថយន្តនិងរម៉កទៅខាងសិន ដើម្បីឲ្យភាគីទាំង៣សម្រួលគ្នា។ ក្រោយមកក៏មានតំណាងម្ចាស់រថយន្តដឹកទឹកកកចូលមកដោះស្រាយ ដោយជួយចេញសំណងទៅកាន់ម្ចាស់រម៉កកង់បីនិងរថយន្តឡិចស៊ីស៤៧០ផងដែរ ៕

Loading...