ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួន មន្ត្រីខណ្ឌពោធិ៍សែនជ័យ និងប្អូនប្រុស រឿងវាយស្ត្រី

ភ្នំពេញ: យោងតាមការបញ្ជាក់ពីសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា លោក កើត សាំង ​ចៅក្រម​ស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ បាន​ចេញដីកាបង្គាប់ឱ្យឃុំខ្លួនមន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យម្នាក់ និងប្អូនប្រុស ក្រោយរកឃើញថា បានបង្កហិង្សាលើស្ត្រីម្នាក់ ព្រោះរឿង គ្រោះថ្នាក់ចរាចរណ៍តិចតួច។

ប្រភពបន្ថែមថា លោក រៀល សុ​ភិន តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចោទប្រកាន់លើឈ្មោះ ស៊ុ សុវណ្ណ​រិ​ទ្ធ ភេទប្រុស អាយុ ​៣០​ឆ្នាំ និង​ឈ្មោះ ស៊ុ សត្យា​ពណ្ណរាយ ភេទប្រុស អាយុ​ ២៦​ឆ្នាំ ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា មាន​ទីលំនៅ​ផ្ទះ​លេខ​៥​អេ​ហ្វ ផ្លូវ​២០០៨ ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ពីបទ ហិង្សា​ដោយ​ចេតនា តាម​មាត្រា​២១៧ នៃ​ក្រមព្រហ្មទណ្ឌ​។

​គួររំឭកថា សមត្ថកិច្ចបានឃាត់ខ្លួនជនត្រូវចោទទាំងពីរ​នាក់​បងប្អូន កាលពី​ថ្ងៃ​ទី​២៤ ធ្នូ ២០១៧ ក្រោយ​ពេលទទួលពាក្យបណ្ដឹងរបស់ស្ត្រីរងគ្រោះម្នាក់​ឈ្មោះ ឆែ សុផល ភេទស្រី ដោយបានអះអាងថា ជនត្រូវចោទបាន​បើករថយន្ត​បុក​នាង ហើយ​ខឹង​នាង​ជេរ​បន្តិចបន្តួច ក៏​បើករថយន្ត​តាម​ពីក្រោយ ហើយ​ចុះ​លោត​ទៅ​ទាត់​ធាក់​នាង រហូត​ដួល​ម៉ូតូ​បណ្តាល​ឲ្យ​រង​របួស នៅចំណុច ផ្លូវ​២០០៤ ត្រង់​ស្ថានីយ​ប្រេង​តូ​តា​ល់ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ៕

មតិយោបល់