ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងពន្លះគ្នា លាន់តែផាំង របួសធ្ងន់ស្រាល៤នាក់!

​តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងម៉ូតូ បើកបរក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យប្រុសស្រី៤នាក់រងរបួសធ្ងន់ស្រាល។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦ និង២៥នាទីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ៩០-៩១ នៅក្នុងភូមិត្រពាំងលើក ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។

ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ តាកែវ1H-6107 ជិះដោយឈ្មោះ ប្រុញ ឡែម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស នៅភូមិដំណាក់រាជា ឃុំប្រាំបីមុំ ស្រុកទ្រាំង (របួសស្រាល) បើកម៉ូតូក្នុងទិសដៅពីត្បូងពីជើង លុះមកដល់ដល់កន្លែងកើតហេតុ ក៏បានបុកម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1FR-1209 ជិះដោយឈ្មោះ ម៉ាត់ ឆើត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កសិករ នៅភូមិសំបកទឹម ឃុំគិរីរុងកោះ ស្រុកគិរីវង់ (របួសធ្ងន់) បានបញ្ជូនទៅមន្ទីរពេទ្យខេត្តតាកែវ និងអ្នករួមដំណើរឈ្មោះ សុខ ស្រីមុំ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិឃុំជាមួយគ្នា (របួសស្រាល)។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបាននាំយកមធ្យោបាយទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿងតាមនីតិវីធីច្បាប់៕

មតិយោបល់