Post News Media ព័ត៌មានជាតិ Update៖ រថយន្...

Update៖ រថយន្តធន់ធំ បុករះម៉ូតូ៣គ្រឿង កិនស្លាប់ម្នាក់និង៣នាក់ទៀតរបួសធ្ងន់ស្រាល!..

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយរថយន្តធន់ធំ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ បុករះម៉ូតូ៣គ្រឿង រួមមានម៉ូតូសង់ សេ១២៥ ចំនួន១គ្រឿង និងម៉ាក Zoomer-X ចំនួន២គ្រឿង បណ្តាលឲ្យកិនបុរសម្នាក់ស្លាប់ជាប់ក្រោមកង់រថយន្តធ្លាយខួរស្លាប់យ៉ាងរន្ធត់បំផុត និងមនុស្ស៣នាក់ទៀតរងរបួសធ្ងន់និងស្រាល ដោយក្នុងនោះមាន២នាក់ធ្ងន់ និងម្នាក់ស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទី រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើស្ពានព្រះមុន្នីវង្សចាស់ ក្នុងភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់នេះមានឈ្មោះ ធាន ដាវុទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងប្រពន្ធរបួសស្រាល។ ចំណែកឯមនុស្ស២នាក់ទៀត (ជាម្ចាស់ម៉ូតូZoomer-X ទាំង២គ្រឿង) របួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុផ្ទាល់បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធដែលជិះម៉ូតូម៉ាក សង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AX-3994 បានជិះចេញមកពីផ្ទះបងប្អូននៅម្តុំបឹងស្នោរ ធ្វើដំណើរឆ្លងកាត់ស្ពានខាងលើ ក្នុងបំណងត្រឡប់ទៅផ្ទះនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ចំណែកម៉ូតូ២គ្រឿងទៀតម៉ាក Zoomer-X ក្នុងនោះ១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1FY-7952 និងមួយគ្រឿងមិនចាំស្លាកលេខ ជិះម្នាក់ឯង ធ្វើដំណើរស្របទិសគ្នាពីកើតទៅលិច លុះដល់ចំណុចស្ពានព្រះមុន្នីវង្សចាស់ ស្រាប់តែមានរថយន្តធន់ធំ ខាងលើម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3336 ជាប្រភេទរថយន្តដឹកត្រី ជិះក្នុងល្បឿនលឿន មកបុករះម៉ូតូទាំង៣គ្រឿង ជាបន្តបន្ទាប់ រហូតបណ្តាលឲ្យកិនបុរសអ្នកជិះម៉ូតូសង់សេ១២៥ បែកក្បាលធ្លាយខួរស្លាប់ជាប់ក្រោមកង់រថយន្ត ចំណែកប្រពន្ធដែលជិះពីក្រោយខ្ទាតចេញពីលើម៉ូតូរបួសស្រាល និងបណ្តាលឲ្យមនុស្ស២នាក់ទៀតដែលជិះម៉ូតូZoomer-X ទាំង២គ្រឿង របួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ រីឯអ្នកបើកបររថយន្តបង្កវិញ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ដែលឈរជើងនៅទីនោះឃាត់ខ្លួនបានភ្លាមៗបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌចំការមន ផងដែរ។

ខណ:ដែលមានករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង សមត្ថកិច្ចចម្រុះទាំង២ខណ្ឌ រួមមានខណ្ឌចំការមន និងខណ្ឌច្បារអំពៅ ក៏ដូចជាកងកម្លាំងផ្នែកអន្តរាគមន៍ បានចុះមកសម្រួលចរាចរណ៍ដល់កន្លែងកើតហេតុ ដោយបានបិទការធ្វើចរាចរណ៍ឆ្លងកាត់ស្ពានមួយសន្ទុះធំ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដើម្បីធ្វើការហៅរថយន្តមួយគ្រឿង មកអូសរថយន្តបង្កនេះចេញ ដើម្បីទាញយកសពជនរងគ្រោះចេញពីក្រោមកង់រថយន្តដឹកតាមរថយន្តសាមុយ ដើម្បីប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្តបង្ក ត្រូវបានសមត្ថកិច្ចអូសយកទៅដាក់នៅខាងក្រោមស្ពានអាកាសក្បាលថ្នល់ ជៀសវាងបង្កការកកស្ទះចរាចរណ៍កាន់តែខ្លាំង រួចបើកផ្លូវនៅចំណុចស្ពានព្រះមុន្នីវង្សចាស់ អនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់បានជាធម្មតា។

បើតាមការសាកសួរពីសំណាក់សមត្ថកិច្ច អ្នកបើកបររថយន្តបង្កឈ្មោះ ឡាយ សុផាត ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ មានស្រុកកំណើតនៅភូមិស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តខាងលើដឹកធុងត្រី ចេញពីយឿត្រី នៅផ្សារច្បារអំពៅ ក្នុងបំណងយកទៅឲ្យគេនៅកោះធំ ដោយបានធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុន្នីវង្សចាស់ពីកើតទៅលិច ខណ:ដែលធ្វើដំណើរបានដល់ពាក់កណ្តាលស្ពាន ស្រាប់តែរថយន្តគាត់បានដាច់ហ្វ្រាំង គាប់ជួនរថយន្តចុះចំណោតផងនោះក៏ជ្រុលទៅបុករះម៉ូតូជនរងគ្រោះទាំង៣គ្រឿង ដែលកំពុងជិះនៅខាងមុខ បណ្តាលឲ្យកិនជនរងគ្រោះស្លាប់និងរបួសបែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយករថយន្តបង្ក និងម៉ូតូទាំង៣គ្រឿង រួមនឹងអ្នកបើកបររថយន្តបង្កខាងលើ បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕

Loading...