ព័ត៌មានជាតិ

រន្ធត់! ម៉ូតូ២គ្រឿងពន្លះគ្នា ស្លាប់និងរបួសនៅពោធិ៍សាត់

ពោធិ៍សាត់: លោកអធិការស្តីទីស្រុកភ្នំក្រវាញ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបើកបុកម៉ូតូ ក្នុងទិសដៅខ្វែងគ្នា បណ្តាលឲ្យរបួសចំនួន២នាក់ និងស្លាប់បុរសម្នាក់ នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣និង៥០នាទីរសៀល នៅថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតលើផ្លូវជាតិលេខ៥៥ ភូមិអង្រ្កង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ជនបង្កមានឈ្មោះ ឡុង សុផាត ភេទប្រុស អាយុ៤៧ឆ្នាំ(របួសស្រាល) និងអ្នករួមដំណើរឈ្មោះ រី កាក់ ភេទប្រុស(របួសស្រាល) ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុ បើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ 1D-8070។ ចំណែកជនរងគ្រោះពុំស្គាល់អត្តសញ្ញាណនោះទេ បើកម៉ូតូម៉ាកវេវអាល់ហ្វា ពណ៌ក្រហម គ្មានស្លាកលេខ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះសា្រយបន្តតាមផ្លូវច្បាប់។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់