ព័ត៌មានជាតិ

ពន្ធនាគារខេត្តកណ្តាល ធ្វេសប្រហែសធ្វើឲ្យជនត្រូវចោទម្នាក់លោតសម្លាប់ខ្លួន តែខ្លះថាជាករណីវាយតប់គ្នា

​កណ្តាល: ជនត្រូវចោទម្នាក់ លោតសម្លាប់ខ្លួនក្នុងពន្ធនាគារខេត្តកណ្តាល ដែលអ្នកខ្លះថាជាករណីវាយតប់គ្នា ហើយមជ្ឈដ្ឋានមួយចំនួនរិះគន់អំពីការធ្វេសប្រហែសនៃបញ្ហានេះ។ របាយការណ៍ពន្ធនាគារ អះអាងថា ជននេះលោតសម្លាប់ខ្លួន តែតុលាការកំពុងស៊ើបអង្កេតករណីនេះ ឱ្យពិតប្រាកដថា ជាករណីលោតសម្លាប់ខ្លួនឬជាករណីអ្វីផ្សេង។

ប្រភព័ត៌មានច្បាស់ការណ៍មួយបង្ហើបឱ្យដឹងថា ជនត្រូវចោទឈ្មោះ មុត លីណាន ភេទប្រុស អាយុ៣១ឆ្នាំ ជាប់ចោទពីបទ”ធ្វើឱ្យខូចខាតដោយចេតនា”ប្រព្រឹត្តនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ តាមមាត្រា៤១០នៃក្រមព្រហ្មទណ្ឌ។ ជននេះ ត្រូវបានលោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ឃុំខ្លួននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ។

ប្រភពព័ត៌មាន បន្តថា កាលពីចុងខែធ្នូ ឆ្នាំ២០១៧ ជននេះបានលោតសម្លាប់ខ្លួនពីស៊ីទែនផ្ទុកទឹកដ៏ធំក្នុងពន្ធនាគារ ដែលអ្នកដឹងរឿងច្បាស់អះអាងថា ទំនងមិនមែនជាករណីលោតសម្លាប់ខ្លួនទេ គឺជាករណីវៃតប់គ្នាក្នុងពន្ធនាគារ ។

ទោះបីយ៉ាងណា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ លោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ថ្លែងថា អយ្យការកំពុងស៊ើបអង្កេតករណីនេះ ដោយពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ។

អ្នកច្បាប់មួយរូប អះអាងថា ជនត្រូវចោទបានស្លាប់ ។ ដូច្នេះសំណុំរឿងនេះ ត្រូវបានរលត់បណ្តឹងអាជ្ញា យោងតាមមាត្រា៧នៃក្រមនីតិវិធីព្រហ្មទណ្ឌ៕

មតិយោបល់