ព័ត៌មានជាតិ

ឡង់គ្រឺស័រស៊េរីទំនើបស្លាកលេខភ្នំពេញ 2I-0168 ប៉ះ​រថយន្តធុនធំ ខ្ទេចទាំងព្រឹក​​

ព្រៃវែង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តឡង់គ្រឺស័រ បើកប៉ះរថយន្តភ្លៅ៥ បណ្តាលឲ្យខូចខាតរថយន្តយ៉ាងដំណំ និងរងរបួសស្រាល រួចបញ្ជួនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ចំណែកម្ចាស់រថយន្តធុនធំបានបើកគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥និង៤៧នាទីព្រឹក ថ្ងៃអង្គារ​ ១រោច ខែបុស្ស ឆ្នាំរកាព.ស២៥៦១ ត្រូវនឹងថ្ងៃអង្គារទី២ ខែមករា ឆ្នាំ២០១៨ ស្ថិតលើផ្លូវជាតិលេខ៨A ចន្លោះគីឡូម៉ែត្រលេខ៩៩-១០០ ភូមិដូនកឹង ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ជនរងគ្រោះមានឈ្មោះ ទូច សូនី ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិតាក្តល់ ឃុំតាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល បើករថយន្តម៉ាកឡង់គ្រឺស័រ​ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2I-0168 បានបើកទៅប៉ះរថយន្តភ្លៅ៥ រួចក៏ជ្រុលចង្កូតទៅបុកដើមឈើ បណ្តាលឲ្យខូចខាតរថយន្តទាំងស្រុងនិងរងរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍ដូនកឹង ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់