Post News Media ព័ត៌មានជាតិ Update៖ ឡានដឹ...

Update៖ ឡានដឹកឥដ្ឋបោះពួយលឿនទៅបុកហ៊ីយ៉ាន់ដាយ រុញផ្ទប់រម៉ក របួសធ្ងន់ស្រាល៦នាក់ នៅខណ្ឌជ្រោយចង្វារ!

​ភ្នំពេញ: រថយន្តអីស៊ុយស៊ុយដឹកឥដ្ឋបោះពួយយ៉ាងលឿនជ្រុលបុករថយន្តហ៊ីយ៉ាន់ដាយសណ្តោង បត់ឆ្លងផ្លូវពេញទំហឹង របួសធ្ងន់ស្រាលប្រុសស្រី៦នាក់ និងរថយន្ត២គ្រឿង រម៉ក១គ្រឿងខូចខាតយ៉ាងដំណំកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ចំណុចផ្លូវចូលផ្ទះសំណាក់សុខា ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកអ៊ីស៊ុយស៊ុយ ពាក់ស្លាកលេខភ្នំពេញ3E 1034ដឹកឥដ្ឋ។
ចំណែករថយន្តរងគ្រោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C 1124។ រីឯរម៉កដែលរងគ្រោះដែរនោះមិនមានស្លាកលេខនោះទេដឹកកម្ទេចអុស។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកឥដ្ឋខាងលើបើកក្នុងល្បឿនយ៉ាងលឿនទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវជាតិលេខ៦អា លុះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយសណ្តោង ខណ:កំពុងបើកមកពីត្បូងទៅជើងហើយបត់មកខាងឆ្វេងដៃ បណ្តាលឲ្យរថយន្តបង្កជ្រុលទៅបុករថយន្តរងគ្រោះរុញទៅបុករម៉កដឹកកម្ទេចអុសដែលកំពុងចតត្រៀមឆ្លងផ្លូវ បណ្តាលឲ្យខ្ទេចរម៉កនិងម្ចាស់រម៉កបែកប្រអប់ជើងខាងស្តាំ។ ចំណែករថយន្តបង្កក្រឡាប់ផ្អៀងកង់ចាក់ឥដ្ឋរាយប៉ាយពេញផ្លូវនិងបណ្តាលឲ្យបុរសម្នាក់ដែលជិះពីឥដ្ឋនៅលើរថយន្តរបួសធ្ងន់ រីឯបុរស៤នាក់និងនារីម្នាក់ដែលជិះក្នុងកាប៊ីនរថយន្តបង្ក រងរបួសស្រាលចំណែករថយន្តទាំង២គ្រឿងរងការខូចខាតកំណាត់មុខយ៉ាងដំណំ។

ចំណែកអ្នកបើករថយន្តអ៊ីស៊ុយស៊ុយវិញ បានឲ្យដឹងថា ខណ:ខ្លួនកំពុងបើករថយន្តនោះរថយន្តហ៊ីយ៉ាន់ដាយ បត់ដោយមិនស៊ីញ៉ូហើយខ្លួនក៏អកហ្សឺជ្រុលទៅបុកនិងបណ្តាលឲ្យក្រឡាប់រថយន្តដែលលោកបើកតែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះ២នាក់ ដែលរងរបួសធ្ងន់គឺបុរសជិះលើឥដ្ឋនៅរថយន្តនិងបុរសម្ចាស់រម៉កដែលបែកប្រអប់ជើងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកអ្នកបើករថយន្តទាំងសងខាងរួមទាំងរថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់បណ្តោះអាសន្ន រង់ចាំផ្នែកជំនាញយកទៅរក្សាទុកនៅការយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយទៅតាមច្បាប់នៅពេលក្រោយ៕

Loading...