ព័ត៌មានជាតិ

Update៖ ឡិចស៊ីស៥៧០ ស្លាកលេខ ភ្នំពេញ2L-0919 បុកម៉ូតូម៉ាកសង់ បាក់ដៃម្នាក់ នៅកោះពេជ្រ!

ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាកឡិចស៊ីស ៥៧០ មួយគ្រឿង ដែលបើកបរដោយនារីវ័យក្មេងម្នាក់ បានទៅបុកនិងម៉ូតូម៉ាក ហុងដាសេ១២៥ មួយគ្រឿងបណ្តាលឲ្យបុរសម្នាក់បាក់ដៃម្ខាង រងរបួសយ៉ាងធ្ងន់ធ្ងរ។ ចំណែកឯរថយន្ត និងម៉ូតូរងការខូចខាតយ៉ាងដំណំដូចគ្នា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង១៥នាទីល្ងាច ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានហង្ស ក្នុងទីក្រុងកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចម្នាក់បានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ សែម វាសនា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅស្រុកពោធិ៍រាង ខេត្តព្រៃវែង។ ចំណែកឯនារីបើករថយន្តបង្កឈ្មោះ សួន ដាវីន អាយុ ២៥ឆ្នាំ មានទីលំនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

មុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1K-6830 មួយគ្រឿង ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ ក៏ស្រាប់តែមានរថយន្តម៉ាកឡិចស៊ីស៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-0919 មួយគ្រឿងដែលបើកបរដោយ នារីវ័យក្មេងម្នាក់ខាងលើ បើកមកបុកបណ្តាលឲ្យខ្ទាត និង រងរបួសបាក់ដៃស្តាំម្ខាងរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង។

ក្រោយពេលកើតហេតុ បុរសជាជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែកឯរថយន្តបង្ករម៉ាកឡិចស៊ីស ៥៧០ និង ម៉ូតូម៉ាកហុងដាសេ១២៥ របស់ជនរងគ្រោះបានយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាក្រោយបន្តទៀត៕

មតិយោបល់