ព័ត៌មានជាតិ

រន្ធត់! ជិះម៉ូតូប្រដេញគ្នា បុកសួនចែកទ្រូងផ្លូវដូចរន្ទះ ស្លាប់ម្នាក់ ៣នាក់ទៀតរបួស

ភ្នំពេញ: ម៉ូតូ២គ្រឿង មានគ្នា៤នាក់ បើកបរប្រដេញគ្នាក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកថ្មដែលគេដាក់ចោលសម្រាប់ធ្វើសួនច្បារចែកផ្លូវ បណ្ដាលឲ្យស្លាប់ភ្លាមៗម្នាក់ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល (២នាក់ស្រាល ធ្ងន់ម្នាក់)។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨
ស្ថិតតាមកំណាត់ផ្លូវ២១៧ ត្រង់ចំណុចស្ពានបាគូ ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ម៉ុត ធួន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅភូមិដើមលក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

មុនពេលកើតហេតុគេឃើញបុរស៤នាក់ បើកម៉ូតូ២គ្រឿង ម៉ាកMSX ពណ៌ខ្មៅ មិនមានស្លាកលេខ និងមួយគ្រឿងទៀត ពាក់ស្លាកលេខ តាកែវ 1J-5019 បើកជើងទៅត្បូងប្រដេញគ្នាក្នុងល្បឿនលឿនដោយស្ថានភាពផ្លូវងងឹត ហើយគ្មានភ្លើងបំភ្លឺផ្លូវផងនោះ ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើម៉ូតូមិនមានស្លាកលេខ បានជ្រុលទៅបុកថ្មដែលគេដាក់លើថ្នល់ទុកចោលដើម្បីរៀបចំធ្វើសួនច្បារចែកផ្លូវពេញទំហឹង ដួលបោកនឹងថ្នល់បានស្លាប់ម្នាក់ភ្លាមៗ និងម៉ូតូមួយគ្រឿងមកបុកពីលើថែមទៀតបណ្ដាលរងរបួសធ្ងន់ស្រាលចំនួន៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌដង្កោបានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងក៏ដូចជាធ្វើកំណត់ហេតុទៅលើសាកសពរួចប្រគល់សពនិងម៉ូតូទាំង២គ្រឿងឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់