Post News Media ព័ត៌មានជាតិ អុញនោះ! ចោររហ...

អុញនោះ! ចោររហ័សដៃ ម្ចាស់រហ័សភ្នែក ចុងក្រោយខ្នោះ

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាធ្វើការឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពលួចទូរសព្ទដៃ ពីនារីម្នាក់ពីក្នុងការបូបស្ពាយ បានសម្រេចនៅពេលដែលជនរងគ្រោះជិះម៉ូតូហើយឈប់ចាំភ្លើងស្តប់។

ករណីនេះបានកើតឡើង កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៦និង២៥នាទីល្ងាច ស្ថិតតាមបណ្តោយផ្លូវ២៧១ កែងផ្លូវ១៨២(ភ្លើងស្តុប) ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ពៅ ចិត្រា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះមានឈ្មោះ ល.ស.ម ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនពេលកើតហេតុនារីរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ៌ក្រហម សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខកំពង់ឆ្នាំង1F-6506 និងឌុបប្អូនប្រុសចេញពីសាលារៀន ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ នាងបានឈប់រងចាំភ្លើងស្តុប ស្រាប់តែមានជនសង្ស័យជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GL-2761 មកឈប់ក្បែរហើយបានរួតកាបូបស្ពាយរបស់ជនរងគ្រោះ លួចយកទូរសព្ទដៃពីក្នុងកាបូបបានសម្រេច រួចក៏ជិះម៉ូតូបម្រុងគេចខ្លួន តែត្រូវជនរងគ្រោះឃើញស្រែកថាចោរៗ ស្របពេលនោះកម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ឃើញបានដេញតាមរួចឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលទឹកថ្លាតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់ទូរសព្ទដៃម៉ាកសាំសុង ឲ្យទៅជនរងគ្រោះវិញ។
ចំណែកជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Loading...