ព័ត៌មានជាតិ

​ហ៊ីយ៉ាន់ដាយបើកមិនគោរពច្បាប់! បុករះម៉ូតូ២គ្រឿងនិងរម៉ក ស្លាប់២នាក់​និងរបួស៤នាក់

​ព្រៃវែង: លោកអធិការស្រុកស្វាយអន្ទរ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាង រថយន្តបើកបរបំពានបុករះម៉ូតូ២គ្រឿងនិងរម៉ក១គ្រឿង បណ្តាលឲ្យស្លាប់២នាក់ និងរបួស៤នាក់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨និង៤៥នាទីព្រឹក ​ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១១ ស្ថិតនៅភូមិព្រៃសុធន់ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។​

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ភ្លៅ៥ ស្លាកលេខភ្នំពេញ3D.7339 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ បើកបរពីត្បូងទៅជើង បានបំពានគន្លងទៅបុកម៉ូតូ៣គ្រឿង(ម៉ូតូសេ១២៥ ពីរគ្រឿងនិងម៉ូតូរម៉ក១គ្រឿង)​ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1CF.8916 បើកដោយឈ្មោះ ឆេង វឌ្ឍន: ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិ​​ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល រួមដំណើរម្នាក់ឈ្មោះ ឈិត ដយ ភេទប្រុស អាយុ៧៨​ឆ្នាំ ភូមិពានាផ្សារ ឃុំពានា ស្រុកស៊ីធរកណ្តាល​ ស្លាប់​ទាំង២នាក់កន្លែងកើតហេតុ។ ម៉ូតូម៉ាកវីវ៉ា ពណ៌ខៀវ ស្លាកលេខស្ទឹងត្រែង1A.2030 សណ្តោងរម៉ក បើកដោយឈ្មោះ ទូច សារ៉ាត់ ភេទប្រុស អាយុ៣២ឆ្នាំ ភូមិកណ្តាល ឃុំស្ពានថ្មរ ស្រុកស្តៅកោង ខេត្តស្ទឹងត្រែង (​របួស​ស្រាល)។ ​ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស្លាកលេខកំពង់ចាម1​I.5108 បើកដោយឈ្មោះ រស់ សារ៉េន ភេទប្រុស អាយុ១៨​ឆ្នាំ ​(របួសស្រាល) រួមដំណើរ២នាក់ ទី១ឈ្មោះ នាង ភេទស្រីអាយុ៧៥ឆ្នាំ(របួសស្រាល) និង​ឈ្មោះ ហ៊ី រ៉ាំ ភេទស្រី អាយុ៤៩​​ឆ្នាំ (របួស​ស្រាល)​អ្នកទាំង៣នាក់ រស់នៅភូមិស្រឡូង ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ជាមួយគ្នា។ អ្នករងរបួស៤នាក់បញ្ជូនទៅព្យាបាលមន្ទីពេទ្យបង្អែកថ្លាវ។

​ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យនិងវាស់វែងកន្លែងកើតហេតុ រួចបានប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែក​រថយន្ត ម៉ូតូ និងម៉ូតូរម៉ក សមត្ថកិច្ចនាំទៅរក្សាទុក​នៅប៉ុស្តិ៍ព្រៃខ្លា និងបានស្រាវជ្រាវរកឃើញម្ចាស់រថយន្តឈ្មោះ ហាក់ ជីវ ភេទប្រុស អាយុ៤៩ឆ្នាំ ភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ​អ្នកបើកបររថយន្តឈ្មោះ អ៊ិន សុផល
ភេទប្រុស អាយុ៤៥ឆ្នាំ ភូមិសែប ឃុំសែប ស្រុកកំពង់ក្រឡាច ខេត្តកំពង់ឆ្នាំង៕

មតិយោបល់