ព័ត៌មានជាតិ

តុលាការខេត្តរតនគិរី បង្គាប់ឲ្យចាប់ខ្លួនអតីតអភិបាលក្រុងបានលុង ក្រោយពីបានដោះលែងម្តងរួចហើយ

ភ្នំពេញ: ក្រោយពីបាន ដោះលែង ឲ្យមានសេរីភាពក្រោម ហេតុផល ដាក់ឲ្យនូវក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៧កន្លងទៅនោះ ឥឡូវ តុលាការខេត្តរតនគិរី ដដែល បានចេញដីកា បង្គាប់ឲ្យសមត្ដកិច្ចចាប់ខ្លួន អតីត អភិបាលក្រុងបានលុង ញាត់គុក ព្រោះតែ ជនត្រូវចោទ បានរត់គេចខ្លួនពីលំនៅដ្ឋាន និងមិនគោរពតាម ដីកាបង្គាប់ របស់តុលាការ។

សូមបញ្ជាក់ថា លោក អ៊ុក សំអុល អតីតអភិបាលក្រុងបានលុង ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួននៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ នៅម្តុំមន្ទីរពេទ្យព្រះកុសម: (ពេទ្យលោកសង្ឃ) រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក យិន វិសិដ្ឋ ចៅក្រមស៊ើប នៃសាលាដំបូងខេត្តរនតគិរី។

ដីកាបង្គាប់ឲ្យចាប់ខ្លួននោះ បានបញ្ជាក់ថា លោក អ៊ុក សំអុល បានរងការចោទប្រកាន់
ពីបទ សមគំនិតក្នុងអំពើលួច ដែលប្រព្រឹត្តកាលពីខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី យោងតាមមាត្រ ២៩ មាត្រា ៣៥៣ និងមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា លោក អ៊ុក កុសល ធ្លាប់ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល ខេត្តរតនគិរី ឃាត់ខ្លួន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ យោងតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ ១២/១៧៦ ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ ម្តងរួមកហើយ ប៉ុន្តែ លោក អ៊ុក កុសល ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តរតនគិរី ចេញដីកា បង្គាប់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ តែទីបំផុត ជននេះត្រូវតុលាការបង្គាប់ឲ្យចាប់ខ្លួនញាត់គុកវិញ ព្រោះតែ រត់ចោលផ្ទះ មកសម្ងំនៅភ្នំពេញ៕

មតិយោបល់