ព័ត៌មានជាតិ

បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាម២ទីតាំង ឃាត់ខ្លួនស្ត្រី២នាក់!

ភ្នំពេញ: ស្រ្តី២នាក់ដែលជាអ្នកកត់កន្ទុយលេខ(ឆ្នោតវៀតណាម)ស្ថិតនៅទីតាំងចំនួន២ក្នុងសង្កាត់ស្វាយប៉ាក ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ចុះបង្ក្រាបនិងឃាត់ខ្លួននៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១និង៣០នាទីរសៀល នៅផ្ទះលខ៣៨១ និងនៅវេលាម៉ោង២និង៣០នាទីរសៀល នៅផ្ទះលេខ២៥៥ ទីតាំងទាំង២ស្ថិតនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ប្រតិបត្តិការបង្ក្រាបទីតាំងកត់កន្ទុយលេខវៀតណាមខាងលើនេះ មានការចូលរួមសម្របសម្រួលពីលោកព្រះរាជអាជ្ញារង សេង ហៀង ផងដែរ។

សមត្ថកិច្ចជំនាញបានឃាត់ខ្លួនមនុស្ស២នាក់រួមនឹងវត្ថុតាងនាំមកកាន់អធិការរដ្ឋាននគរបាលខណ្ឌឬស្សីកែវធ្វើការសួរនាំ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យចំនួន២នាក់នោះទី១ ឈ្មោះ កែវ ភារ័ត្ន ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៨១ ផ្លូវបេតុង ក្រុម៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ(ជាអ្នកកត់ឆ្នោត)ព្រមទាំងដកហូតបានវត្ថុតាងរួមមាន ក្រដាសសម្រាប់កត់ឆ្នោតវៀតណាមមួយចំនួនធំ ប៊ុចចំនួន២ដើម,ម៉ាស៊ីនគិតលេខចំនួន១ ,ប្រាក់ចំនួន១៥៤២០០រៀល។ និងទី២ឈ្មោះ ជិន ធីតា ភេទស្រី អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះលេខ២៥៥ ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ(ជាអ្នកកត់ឆ្នោត)ព្រមទាំងដកហូតបាន វត្ថុតាងរួមមាន ក្រដាសសម្រាប់កត់ឆ្នោតវៀតណាមមួយចំនួនធំ ,ប៊ិចចំនួន៥ដើម ,ម៉ាស៊ីនគិតលេខចំនួន១គ្រឿង ,ត្រាសម្រាប់វាយថ្ងៃខែឆ្នាំចំនួន១ ,សេរីចេញឆ្នោតមួយចំនួន ,ប្រាក់ចំនួន១១៩៥០០រៀល។

ស្ត្រីជាមេឆ្នោត២នាក់នោះ ក្រោយធ្វើការឃាត់ខ្លួនសមត្ថកិច្ចជំនាញបាន បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌ ឬស្សីកែវដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

មតិយោបល់