ព័ត៌មានជាតិ

អ្នករត់ម៉ូតូឌុបម្នាក់ ជិះម៉ូតូគេជង្ហុក បុករថយន្តថៅកែហាង «ស៊ាវស៊ាវ» លើក ម្រាមដៃ១០សំពះ បញ្ចប់រឿង!..

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ ជាអ្នករត់ម៉ូតូឌុបរកព្រឹកខ្វះល្ងាច និងកំពុងជួបវិបត្តិគ្រួសារផងនោះ បានជិះម៉ូតូគេចជង្ហុក ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងរបស់ថៅកែហាង «ស៊ាវស៊ាវ» ដែលកំពុងចតស្ងៀមនៅមុខហាង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បុរសដែលជាអ្នករត់ម៉ូតូឌុបនោះមានឈ្មោះ នឹម ស្រូង ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលម្តុំវាលកូនហ្គោល សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុកកំណើតនៅស្រុកបាធាយ ខេត្តកំពង់ចាម ជិះម៉ូតូសង់ការ៉េពណ៌ខៀវ ស្លាកលេខស៊េរីចាស់ ។ រីឯរថយន្តរបស់ថៅកែហាង ‌‌‌‌‍«ស៊ាវស៊ាវ» ម៉ាក FOTUNER ពណ៌ស ស្លាកលេខ 2AQ-6138 ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសរត់ម៉ូតូឌុបខាងលើ បានធ្វើដំណើរម្នាក់ឯងក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់ជិតកន្លែងកើតហេតុ បានគេចនឹងជង្ហុកមួយដែលនៅចំកណ្តាលផ្លូវ ហើយក៏បានជ្រុលទៅបុកនឹងរថយន្ត ខាងលើដែលចតស្ងៀមនៅមុខហាង បណ្តាលឲ្យគាបម៉ូតូជាប់នឹងរថយន្ត ហើយបុរសអ្នករត់ម៉ូតូឌុបនោះក៏បានរងរបួសមុខផងដែលតែសំណាងល្អគាត់បានពាក់មួកសុវត្ថិភាពបានរងរបួសស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង រីឯបុរសចំណាស់ដែលអ្នករត់ម៉ូតូឌុបនោះបានលើកដៃសំពះអង្វរ ម្ចាស់រថយន្តទន់ចិត្តព្រមបញ្ចប់រឿងត្រឹមស្មើគ្នា៕

មតិយោបល់