Post News Media ព័ត៌មានជាតិ បុគ្គលិកក្រុម...

បុគ្គលិកក្រុមហ៊ុនទេសចរណ៍ម្នាក់ ជិះម៉ូតូលឿនពេកត្រូវរថយន្តដឹកខ្សាច់បុកអូសជិត១០ម៉ែត្រ

ភ្នំពេញ: បុរសជាបុគ្គលិករបស់ក្រុមហ៊ុនទេសចរណ៍ម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណ:ដែលរូបគាត់បាននឹងកំពុងតែជិះម៉ូតូម៉ាក ZOOMER-X មួយគ្រឿងនៅតាមផ្លូវ ហើយត្រូវបានរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកខ្សាច់ធន់តូចមួយគ្រឿង បើកបរដោយខ្វះការប្រុងប្រយ័ត្នមកបុកពីក្រោយនោះ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០នាទីល្ងាច ថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០១៨ នៅចំណុចខាងមុខផ្ទះលេខ ៦១៦C ផ្លូវលេខ ២៧១ ភូមិ សន្សំកុសលទ៣ ក្នុងសង្កាត់បឹងទំពុនទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ សេង ឧត្តម អាយុ ២៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនទេសចរណ៍មួយ មានទីលំនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។អ្នកបើកបររថយន្តបង្ករមានឈ្មោះ ឡៃ ភារិទ្ធ អាយុ ២៧ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅក្នុងខណ្ឌដង្កោ មានស្រុកកំណើតនៅ ស្រុកបាធាយ ខេត្ត កំពង់ចាម។ មុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូម៉ាក ZOOMER-X ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FH-6938 មួយគ្រឿង តែម្នាក់ឯង ក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់ចំណុចខាងលើ ក៏ស្រាប់តែមានរថយន្តដឹកខ្សាច់ធន់តូចមួយ គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2I-8690 មួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ខាងលើ បើកមកបុកពីក្រោយខ្ទាតជាង ១០ម៉ែត្រ បណ្តាលឲ្យបុរសរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង។

ក្រោយពេលកើតហេតុ បុរសរងគ្រោះត្រូវបានរថយន្តសាមុយរបស់គ្លីនិកឯកជនមួយឈ្មោះ មេត្រី មកដឹកយកទៅសង្គ្រោះ។ កម្លាំងមានសមត្ថកិច្ចចុះមកធ្វើការវាស់វែងយករថយន្តដឹកខ្សាច់បង្ក និង ម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត៕

Loading...