ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយបើកលឿន របូតកង់ បុកម៉ូតូស្លាប់តាចាស់ម្នាក់ នៅកំពង់ចាម!

កំពង់ចាម: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូស្លាប់នៅនឹងកន្លែង។

ហេតុការណ៍កើតឡើងនៅ ថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧និង៤០នាទីព្រឹក នៅលើផ្លូវជាតិលេខ៧ ក្នុងភូមិអំពិលក្រោម ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ3A-1499បើកបរដោយឈ្មោះ ជិន ប៊ុនថេន ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិពានា ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បើកបរពីលិចទៅ កើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានដាច់យ៉ាន់របូតកង់ ជ្រុលទៅបុកម៉ូតូម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1I-9847 ជិះដោយឈ្មោះ គីម សារ៉េត ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយកវត្ថុតាងជំនាញបានយកមករក្សារទុកនៅអធិការរដ្ឋាននគរបាលស្រុកកំពង់សៀមដើម្បីចាត់ការតាមនីតិវិធី។ ចំណែកសាកសព សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់