Post News Media ព័ត៌មានជាតិ រម៉កដឹកទឹកកក ...

រម៉កដឹកទឹកកក ពន្លះម៉ូតូឌ្រីម ស្លាប់ម្នាក់ភ្លាមៗ និងម្នាក់ទៀតរបួសធ្ងន់!

ភ្នំពេញ: បុរសម្នាក់បើកម៉ូតូដឹកទឹកកក បុកជាមួយបុរស២នាក់ទៀត ដែលកំពុងជិះម៉ូតូឌ្រីមសង់ ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយម្នាក់ទៀតរងរបួសធ្ងន់ស្ទើរស្លាប់ស្ទើរស់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ ភូមិអូអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌ ច្បាអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស២នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC-9695 បើកក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង ស្រាប់តែមានបុរសម្នាក់បើកម៉ូតូដឹកទឹកកកមួយគ្រឿង មិនមានស្លាកលេខ ទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿន បុកគ្នាពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ហើយបុរសម្នាក់ទៀតដែររួមដំណើរជាមួយរងរបួសធ្ងន់ស្ទើរស្លាប់ស្ទើរស់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យហើយម្ចាស់ម៉ូតូដឹកទឹកកកឃើញដូច្នេះ បានដោះកន្ទុយសណ្តោងរម៉កដឹកទឹកកកចេញ ជិះរត់គេចខ្លួនបាត់ស្រមោលឈឹង ហើយម៉ូតូជនរងគ្រោះរងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

Loading...