Post News Media ព័ត៌មានជាតិ បើកម៉ូតូដួលខ្...

បើកម៉ូតូដួលខ្លួនឯងបោកក្បាលស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

កណ្តាល: បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណ:ដែលបើកបកម៉ូតូក្នុងស្ថានភាពស្រវឹងជោកជាំ ក្នុងល្បឿនលឿន ជ្រុលចាប់ហ្វ្រាំងមុខ ផ្លោងធ្លាក់បោកខ្ទប់ទៅនិងផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១១និង៤០នាទី នៅចំណុចផ្លូវលេខ២១ ស្ថិតក្នុងភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

នគរបាលជំនាញចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា មានម៉ូតូម៉ាកM2 ពណ៌ ពាក់ស្លាកលេខ ភ្នំពេញ1FB-6431 បើកបរដោយឈ្មោះ ប៉ុល គឹមស្រ៊ាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ(មិនពាក់មួកការពារ) មានទីលំនៅភូមិអន្លង់តាសេតក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល(ស្លាប់នៅនឹងកន្លែងកើតហេតុ) រួមដំណើរជាមួយឈ្មោះ ឡេង ហ៊ីម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ(មិនពាក់មួកការពារ) មានទីលំនៅភូមិ-ឃុំជាមួយគ្នា(របួសធ្ងន់) បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។

សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចនគរបាល បានចុះទៅដល់ទីកន្លែង កើតហេតុ ពិនិត្យស្លាកស្នាម និងយកព័ត៌មានបន្ថែមពីប្រជាពលរដ្ឋនៅជុំវិញទីកន្លែងកើតហេតុ អាចសន្និដ្ឋានបានថា អ្នកបើកបរ និងអ្នករួមដំណើរ មានសភាពស្រវឹង ហើយបើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ថែមទាំងមិនបានពាក់មួកការពារសុវតិភាពទៀត (ហើយចាប់ហ្វ្រាំងបូមមុខ) ទើបបណ្ដាលឲ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែងតែម្តង។

ចំពោះសាកសព និងម៉ូតូ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួស ត្រូវបានបងប្អូនដឹកយកទៅមន្ទីរពេទ្យ៕

Loading...