Post News Media ព័ត៌មានជាតិ ឃុំខ្លួន បុរស...

ឃុំខ្លួន បុរសដែលសម្លាប់ប្រពន្ធ ដែលជាកម្មការិនីរោងចក្រ QMI ក្នុងខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: យោងតាមប្រភពពីសមត្ថកិច្ចខណ្ឌធិ៍សែនជ័យ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះថា លោក សេង លាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកា សម្រេចបង្គាប់ឲ្យឃុំខ្លួន បុរសជាឃាតកដែលសម្លាប់ប្រពន្ធខ្លួនឯង ជាកម្មការិនីរោងចក្រ QMI ក្នុងខណ្ឌពោធិ៍សែនជ័យ នៅពន្ធនាគារជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ម្សិលមិញ។

ប្រភពបន្ដថា ជនត្រូវចោទ ឈ្មោះ សេង ទ្រី ភេទប្រុស អាយុ ៣១ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ពីបទ ឃាតកម្ម ច្របាច់កសម្លាប់ ប្រពន្ធឈ្មោះ ព្រឹម បុប្ផា ភេទស្រី អាយុ ២៧ឆ្នាំ ប្រព្រឹត្តនៅចំណុច បន្ទប់ជួលលេខ៤២ ជាន់ទី៣ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ យោងតាមមាត្រា ១៩៩នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជក់ថា កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលនៃស្នងការនគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនត្រូវចោទបានកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

Loading...