Post News Media ព័ត៌មានជាតិ បង្ក្រាបទីតាំ...

បង្ក្រាបទីតាំងសេវាអ៉ីនធឺណេត វិស័យព័ត៌មាន លួចលាក់ចាក់ភ្នាល់បាល់តាមអនឡាញ!

ភ្នំពេញ: ​ នៅវេលាម៉ោង៣និង៣០នាទី រសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយ គណ:បញ្ជាការឯកភាពខណ្ឌទួលគោក ចុះឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាក់ស្ដែង ពីបទបើកលេងល្បែងស៊ីខុសច្បាប់ (ចាក់ភ្នាល់បាល់តាមអនឡាញ ) នៅក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ការបង្ក្រាបនេះ មានការដឹកនាំដោយលោក ទៀវ សំអឿន អភិបាលរង ខណ្ឌទួលគោក និងលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងដោយមានការចូលរួមពីកញ្ញា ណុប លក្ខ័ណា ជាក្រឡាបញ្ជី ផងដែរ ហើយទីតាំងដែលចាក់ភ្នាល់បាល់តាមអនឡាញនេះ នៅចំណុចសេវាអ៉ីនធឺណេត វិស័យព័ត៌មាន ( កាហ្វេ០១៨ ) ដែល មានទីតាំងផ្ទះលេខ ២៥៩ ផ្លូវលេខ១២២ ក្រុម ទី៣៦ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

អ្នកដែលឃាត់ខ្លួនបាន ទី១-ឈ្មោះ វុទ្ធី ស្រីឡែន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកសេវាអ៉ីនធឺណេត វិស័យព័ត៌មាន (កាហ្វេ០១៨ ) ( ភ្នាក់ងារស៊ីសង ) , ទី២ឈ្មោះ អ៊ួង ផល្លា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ បុគ្គលិក សេវាអ៉ីនធឺណេត វិស័យព័ត៌មាន (កាហ្វេ០១៨ )(ជាភ្នាក់ងារស៊ីសង) , ទី៣ឈ្មោះ ខៀវ បញ្ញាវឌ្ឍន៍ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ សេវាអ៉ីនធឺណេត វិស័យព័ត៌មាន (កាហ្វេ០១៨ )(ភ្នាក់ងារស៊ីសង ) និងទី៤-ឈ្មោះ យ៉ា ហៃដាង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវ (ជាអ្នកចាក់ភ្នាល់ ) ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូនីទ័រម៉ាក Dall ចំនួន១៨គ្រឿង , CPU ចំនួន១៤ គ្រឿង , ម៉ាស៊ីនព្រីនបុងបាល់ម៉ាកB2B ចំនួន០៤គ្រឿង , ម៉ាស៊ីនព្រីន និងថតចម្លងម៉ាក HP ចំនួន០១គ្រឿង , ម៉ាស៊ីនកាមេរ៉ាសុវត្ថិភាពចំនួន០១គ្រឿង , ម៉ាស៊ីនណេតវើតម៉ាក TP .Link ចំនួន២គ្រឿង , ម៉ៅចំនួន១៣គ្រឿង , ឃីប៊តចំនួន១៤ បន្ទះ , ទូរទស្សន៍មួយគ្រឿងម៉ាក LG 42 អ៊ិញ ចំនួន០១គ្រឿង , លិខិតអនុញ្ញាត លេខ ៣៤០ ល.អ របស់ឈ្មោះ សុ សុភា ភេទប្រុស ឆ្នាំកំណើត ១៩៨៥ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ចេញដោយ មន្ទីរសារពត៌មានរាជធានីភ្នំពេញ , ប្រាក់ដុល្លារចំនួន៣៨៩$ (បីរយប៉ែតសិបប្រាំបួនដុល្លារសហរដ្ឋអាមេរិក ) នឹងប្រាក់រៀលចំនួន៧០០០៛ ( ប្រាំពីរពាន់រៀល )។

ក្រោយពីត្រួតពិនិត្យរួច ក្រុមប្រតិបត្តិការសម្រេចឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើ រួមនឹងវត្ថុតាងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Loading...