ព័ត៌មានជាតិ

តាក់ស៊ីក្រហម ពន្លះក្បាលនាគ ខ្ទេចយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់បើករថយន្តម៉ាកព្រុសរបស់ក្រុមហ៊ុនតាក់ស៊ីក្រហមក្នុងល្បឿនលឿនពេក ក៏ជ្រុលចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវនៅត្រង់ចំណុចមុខស្ថានទូតរុស្ស៊ី បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ សុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកចេញពីផ្សារកុងទ័នឺ បើករថយន្តម៉ាកព្រុសមួយគ្រឿងរបស់ក្រុមហ៊ុនតាក់ស៊ីក្រហម លេខរាងទី៨៣ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AQ-4115 ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនក៏បានរេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតក្បាលនាគមួយកង់និងទ្រូងផ្លូវមួយកង់តែសំណាងល្អមិនបង្កឲ្យមានអ្នករបួស រីឯតៃកុងរថយន្តក៏ដាក់មេប្រូចរត់គេចខ្លួនបាត់ស្រមោលឈឹង បន្សល់ទុកនៅតែរថយន្តរងការខូចខាតផ្នែកខាងឆ្វេងនៃរថយន្តស្ទើរតែទាំងស្រុង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ក្រុងឲ្យយករថយន្តមកស្ទូចយកទៅរក្សានៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់