ព័ត៌មានជាតិ

ថៅកែហាងម៉ាស្សា និងកូនចៅ ២នាក់ កាប់ភ្ញៀវឲ្យរបួសដេរជិត ៥០ថ្នេរ តុលាការឃុំខ្លួនដាក់ពន្ធនាគារ

កណ្តាល: នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ លោក ងួន វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ថៅកែហាងម៉ាស្សា (កោសជប់) និងកូនចៅ ២នាក់ទៀត ពាក់ពន្ធ័រឿងកាប់ភ្ញៀវឲ្យរបួសជិត៥០ថ្នេរ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយប្រើអាវុធ ប្រព្រឹត្តនៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ តាមបញ្ញាត្តិមាត្រា ២១៧ , ២១៨ ត្រង់ចំណុច២ នៃក្រមព្រហ្មទណ្ឌ។

ជនសង្ស័យទាំងបីនាក់ ទី១.ឈ្មោះ រស់ ចំរ៉ុង ហៅញ៉ាញ់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជុសជួលម៉ូតូ ស្នាក់នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ទី២.ឈ្មោះម៉ាច និត ភេទប្រុស អាយុ
២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ នៅភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី៣.ឈ្មោះ តាត ចាន់ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រប់គ្រងផ្ទះម៉ាស្សា កោសជប់ យីហោ ៣៣៣នៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ នួន សុជា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល រងរបួសដេរ៤០ថ្នេរ។

សូមជម្រាបថា លោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល បានឲ្យដឹងថា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១ និង១៥នាទីរំលងអាធ្រាត ជនរងគ្រោះបានឈ្លោះគ្នា ជាមួយស្រីម៉ាស្សាម្នាក់ ឈ្មោះ តុង ចម្រើន ហៅយូរី ភេទស្រីអាយុ២៨ឆ្នាំ ហើយជនរងគ្រោះ បានទះលើឈ្មោះ តុង ចម្រើន មួយកំផ្លៀង រួចដើរមកខាងក្រៅ ទើបឈ្មោះ តាត ចាន់ធឿន ជាអ្នកគ្រប់គ្រង បានដើរមកសួរថា អាអូនមានរឿងអី បានជាវាយមនុស្សស្រី ហើយក៏កៀកកឲ្យ
ចូលខាងក្នុងជជែកគ្នា ពេលនោះជនរងគ្រោះ មិនព្រមចូលដោយច្រានខ្លួនចេញយ៉ាងខ្លាំង ទើបខ្លួនខឹងវាយជនរងគ្រោះមួយដៃ។ ពេលនោះជនរងគ្រោះ ទៅបាត់ប្រហែលមួយម៉ោង ក្រោយមកជនរងគ្រោះត្រឡប់មកវិញ។

តាមចម្លើយរបស់ឈ្មោះ តាត ចាន់ធឿន បានឆ្លើយថា ពេលជនរងគ្រោះ ត្រឡប់មកវិញ បានយកដែកថ្នាំងអំពៅ មកវាយលើខ្លួនជាច្រើន បណ្តាលឲ្យធ្លាក់ចូលប្រឡាយ ហើយត្រូវចំខ្នង និងដៃខាងធ្វេង។
ដោយទ្បែកតាមការបំភ្លឺរបស់ជនរងគ្រោះ បាននិយាយថា ខ្លួនត្រឡប់មកវិញ ហើយបានយក ដែកថ្នាំអំពៅមកតាម និងបានវាយទៅលើឈ្មោះ តាត ចាន់ធឿនមែន តែវាយមិនត្រូវទេ ដោយឈ្មោះ តាត ចាន់ធឿននេះ ភ័យថយ​ក្រោយ ធ្លាក់ប្រឡាយទឹក។

ចំណែកតាមចម្លើយសារភាពរបស់ឈ្មោះ រស់ ចំរ៉ុង ហៅញ៉ាញ់ បានសារភាពថា ខ្លួនបានយកដាវមកកាប់លើជនរងគ្រោះ១ដាវ ហើយបោះដាវនោះចោល រីឯចម្លើយសារភាពរបស់ឈ្មោះ ម៉ាច និត ភេទប្រុស អាយុ២៣ឆ្នាំ បានសារភាពថា ខ្លួនបានកាន់ដែកទីបជ្រុងមែនតែមិនបានវាយទេ៕

មតិយោបល់