Post News Media ព័ត៌មានជាតិ បញ្ជូនខ្លួនអ្...

បញ្ជូនខ្លួនអ្នកចម្រៀងនិងជាអ្នកបង្ហាញម៉ូត ទៅតុលាការពាក់ព័ន្ធរឿងជួញដូរគ្រឿងញៀន

ភ្នំពេញ: សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នេះបានបញ្ជូនខ្លួនជនសង្ស័យ២នាក់ដែលគេស្គាល់ថា ជាអ្នកចម្រៀងនិងជាអ្នកបង្ហាញម៉ូតពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្ដតាមនីតិវិធី។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ សោម គឹមឌី ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកចំរៀង ស្នាក់នៅផ្ទះជួលខាងលើ កន្លែងកើតហេតុ (ឃាត់ខ្លួន) និងទី២-ម៉ៅ រស្មី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបង្ហាញម៉ូត ស្នាក់នៅផ្ទះជួលខាងលើ កន្លែងកើតហេតុ (ឃាត់ខ្លួន)។

គួររំលឹកថា ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ កម្លាំងនគរបាលខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ដែលត្រូវគេស្គាល់ថា អ្នកចម្រៀងនិងជាអ្នកបង្ហាញម៉ូត និងឆែកឆេររកឃើញគ្រឿងញៀនចំនួន២កញ្ចប់ធំ រួមនឹងឧបករណ៍ជក់ព្រមទាំងថង់សម្រាប់វេចខ្ចប់មួយចំនួនទៀត នៅចំណុចផ្ទះជួលមួយកន្លែងម្ដុំផ្សារប៉េសេ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន២កញ្ចប់(ធំ១ ថង់តូច១)និងថង់ប្លាស្ទីកសម្រាប់ច្រក១ចំនួន។ ប្រាក់១០០ដុល្លារ និងប្រាក់រៀល៥០០០០រៀល ទូរសព្ទដៃ២គ្រឿងម៉ាក អាយហ្វូន7 ពណ៌ខ្មៅ១គ្រឿង និង អាយហ្វូន5 ពណ៌ស១គ្រឿង និងម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ក្រហម ស្លាកលេខកណ្តាល 1E-0754៕

Loading...