Post News Media ព័ត៌មានជាតិ ឃុំខ្លួន តារា...

ឃុំខ្លួន តារាចម្រៀង និងអ្នកបង្ហាញម៉ូត រឿងជួញដូរគ្រឿងញៀន

ភ្នំពេញ: យោងតាមប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌមានជ័យ បានឱ្យដឹងថា នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ លោក ថាន់ ឡេង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនតារាចម្រៀងម្នាក់ និងតារាបង្ហាញម៉ូតម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅក្នុងគុកជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីនាពេលក្រោយ។

ប្រភពបន្តថា លោក អុំ សុភក្តិ ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លើទី១ឈ្មោះ សោម គឹមឌី ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ តារាចំរៀង ស្នាក់នៅផ្ទះជួល និងទី២ឈ្មោះ ម៉ៅ រស្មី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ តារាបង្ហាញម៉ូត ស្នាក់នៅផ្ទះជួល ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលមួយកន្លែងម្ដុំផ្សារប៉េសេ តាមបណ្ដោយផ្លូវ៣៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ យោងតាមមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

គួររំលឹកថា សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់បានឃាត់ខ្លួនជនត្រូវចោទទាំង ២នាក់ខាងលើ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលមួយកន្លែងម្ដុំផ្សារប៉េសេ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតនូវវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន ចំនួន១ កញ្ចប់ធំ និង១ថង់តូច
-ថង់ជ័រសម្រាប់ច្រកគ្រឿងញៀន មួយចំនួន-ប្រាក់ដុល្លារ ១០០ដុល្លារ
-ប្រាក់រៀល ៥០០០០រៀល
-ទូរសព្ទដៃ iPhone ពណ៌ខ្មៅ និងពណ៌ស ចំនួន ២គ្រឿង
-និងម៉ូតូ ម៉ាកស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ 1E-0754 ចំនួន១គ្រឿង៕

Loading...