ព័ត៌មានជាតិ

(មានវីដេអូ)៖ រថយន្តសាលាប៊ែលធី ប៉ះគ្នាជាមួយរម៉កដឹកត្រី ផ្អើលទាំងព្រឹក

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍​មួយបានកើតឡើង រវាងរម៉កដឹកត្រី និងរថយន្តដឹកសិស្សសាលាប៊ែលធី បណ្តាលឲ្យរថយន្តសាលប៊ែលធី ខូចខាតថ្ពាល់រថយន្តមួយចំហៀង ក៏ត្រូវភាគីទាំងសងខាងជជែកគ្នារកខុសត្រូវ អស់ជាច្រើនម៉ោងនៅតែមិនត្រូវគ្នា។

ហេតុការណ៍នេះបានកើតឡើង នៅម៉ោង៦និង៣៥នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅ​មុខផ្ទះពេទ្យ សុខ ហ៊ុយ ​បណ្តោយផ្លូវ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេ​ឃើញរម៉កដឹកត្រី ជិះដោយ២នាក់ប្តីប្រពន្ធ មកពីយកត្រីពីផ្សារច្បារអំពី ក្នុងបំណងយកទៅលក់នៅផ្សារទួលពង្រ​។ ចំណែករថយន្តដឹកសិស្សសាលាប៊ែលធី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AC-3562 បានឈប់ចតនៅលើចិញ្ចើមផ្លូវមុខផ្ទះពេទ្យខាងលើ ខណ:នោះក៏មានរថយន្តកុងតឺន័រ បើក​បញ្ច្រាសទិសនឹងរម៉កដឹកត្រី ស្របពេលនោះដែររថយន្តដឹកសិស្សសាលាប៊ែលធី ក៏បានស៊ីញ៉ូបត់ក្បាលរថយន្ត​ ដោយមិនបានមើលរថយន្តកុងតឺន័រ និងរម៉កដឹកត្រីនោះទេ ក៏ត្រូវបានរម៉កដឹកត្រីចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកខ្ទេចថ្ពាល់រថយន្ត១ចំហៀងតែម្តង។

ក្រោយ​កើតហេតុ​ ភាគីទាំងសងខាងបានជជែកគ្នារកខុសត្រូវអស់រយ:ពេលយូរ រហូតផ្អើលដល់លោក នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងទំពុន២ ចុះមកជួយសម្របសម្រួល ដោយភាគីខាងរម៉កដឹកត្រីសុំត្រឹមរួចខ្លួន តែខាងរថយន្តដឹកសាលាប៊ែលធី ទាមទារសំណង ទើបសមត្ថកិច្ចសម្រេចទាក់ទង ទៅជំនាញចរាចរណ៍ខណ្ឌមានជ័យ ចុះមកធ្វើការវាស់វែង នាំយករថយន្តនិងរម៉កខាងលើ ទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់