ព័ត៌មានជាតិ

កម្មកររោងចក្រជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចបង្ក្រាបបាន

កណ្តាល: ជនសង្ស័យកម្មកររោងចក្រម្នាក់ បានត្រូវនគរបាលស្រុកស្អាង ដឹកនាំដោយលោកវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ធ្វើការបង្ក្រាប ខណ:ដែលជនសង្ស័យកំពុងរៀបចំវេចខ្ចប់ចែកចាយ។

ហេតុការណ៍ចុះបង្ក្រាបនេះនៅថ្ងៃសុក្រ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៨ វេលាម៉ោង ៩និង៥នាទីយប់ នៅចំណុចភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

លោកវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ លៀង សិលា ហៅខ្លា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិ ព្រែកថីឃុំ រកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។ វត្ថុតាងចាប់យកម្សៅក្រាម ពណ៌សថ្លា សង្ស័យថា សារធាតុញៀនប្រភេទ(ម៉ាទឹកកក)ចំនួន១០កញ្ចប់តូច និងលុយខ្មែរចំនួន១០០០រៀល។

លោកអធិការបញ្ជាក់ថា នៅថ្ងៃទី ខែ ឆ្នាំកើតហេតុខាងលើ ក្រោយពេលសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលសិត្បូ ទទួលបានព័ត៌មានពីប្រជាជនល្អថាមានករណីជួញដូរគ្រឿងញៀននៅភូមិព្រែកត្រែង ឃុំសិត្បូ ភ្លាមនោះសមត្ថកិច្ច ចុះទៅដល់កន្លែងកើតហតុ ក៏បានត្រួតពិនិត្យលើខ្លួនឈ្មោះ លឿនសិលា បានប្រទះឃើញម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសាធាតុញៀនប្រភេទម៉ាទឹកកចំនួន១០កញ្ចប់តូច សមត្ថកិច្ចក៏បានឃាត់ខ្លួនមកប៉ុស្តិ៍រដ្ឋបាលសិត្បូដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ លឿន សិលា បានសារភាពថា ខ្លួនពិតជាបានទិញម្សៅក្រាមពណ៌សថ្លាខាងលើពីឈ្មោះសារ៉ាត់ នៅចំណុចភូមិព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ចំនួន១កញ្ចប់ធំក្នុងតម្លៃ១០០០០០រៀល រួចយកមករំលែកវេចខ្ចប់ជាកញ្ចប់តូចបានចំនួនដប់មួយកញ្ចប់ ហើយប្រើប្រាស់(ជក់)អស់មួយកញ្ចប់សល់ដប់កញ្ចប់កឹបជាប់នឹងលុយក្រដាស់មួយរយរៀលចំនួនដប់សន្លឹកដើម្បី យកមកលក់បន្តក្នុង១កញ្ចប់២០០០០រៀលពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួន និងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបានស្រុកស្អាងដើម្បីបន្តអនុវត្តតាមនីតិវិធី៕

មតិយោបល់