ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តដឹករោងការ បុករះម៉ូតូ២គ្រឿង ស្លាប់និងរបួស៤នាក់ នៅ​បន្ទាយមានជ័យ

បន្ទាយមានជ័យ: ​ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្ត បើកបុកម៉ូតូសណ្តោងរម៉ក រួចជ្រុលចង្កូតទៅបុកម៉ូតូហុងដាឌ្រីមពេញទំហឹងបន្ថែមទៀត បណ្តាលឲ្យភាគីខាងម៉ូតូទាំង២ ស្លាប់ចំនួន៣នាក់ និងរបួសធ្ងន់ម្នាក់​ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរការ នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១០និង៣០នាទីព្រឹក ​ស្ថិតលើកំណាត់ផ្លូវជាតិលេខ១៥៩សេ ត្រង់ចំណុចស្ពានព្រែកសំរោង ​ភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

​ជនរងគ្រោះមានឈ្មោះ ប៊ុន ធី ភេទប្រុស​ អាយុ៥៤ឆ្នាំ ស្នាក់នៅភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង បើកម៉ូតូសេរីចាស់ ម៉ាកហុងដាសេ១០០ ពណ៌ក្រហម គ្មានស្លាកលេខ សណ្តោងរម៉កដឹកស្មៅរ បានបើកចេញពីក្លោងទ្វាវត្តព្រែកសំរោង​ ស្ថិតនៅខាងជើងផ្លូវ បន្តឡើងផ្លូវជាតិបត់ស្តាំទៅលិច ដោយបើកឡើងជ្រុលទៅខាងឆ្វេងរួចក៏បើករម៉កទៅស្តាំវិញ ស្របពេលនោះដែរក៏មានរថយន្តមួយគ្រឿងម៉ាកគាដឹករោងការ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-3789 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់ ​ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ ​ពីកើតទៅលិច ​ក្នុងល្បឿនលឿន ​ជាន់ហ្រ្វាងមិនជាប់ជ្រុលទៅបុក​ពីចំហៀង​ឆ្វេងរម៉កពេញទំហឹងតែម្តង។

ចំពោះករណីខាងលើនេះ​ រថយន្តបង្កបានរ៉េចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកនិងម៉ូតូមួយគ្រឿងទៀត ក្នុងទិសដៅបញ្រ្ចាសគ្នា ដែលម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាលេខបន្ទាយមានជ័យ 1J-8634 បើកបរដោយឈ្មោះ ឆម ឈឿប ភេទស្រី អាយុ៥២ឆ្នាំ ឌុបកូនស្រីឈ្មោះ ទៀង ចន្ធូ អាយុ៣៣ឆ្នាំ និងចៅស្រីឈ្មោះ រុំ លីនណា អាយុ៤ឆ្នាំ ទាំង៣នាក់ស្នាក់នៅភូមិចំណោមកើត ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់