ព័ត៌មានជាតិ

មានប្រពន្ធមួយមិនស្កប់ មកឱបថើបប្រពន្ធទី២ ដល់ពេលបែករឿងដាក់មេប្រូចបាត់

ភ្នំពេញ: មេជាង​សំណង់​ម្នាក់ ​ទាក់ទង​មេម៉ាយ​កូន​២ ​បាន​ខ្លួនប្រាណ​ហើយ​ចង់​បោះបង់​ធ្វើ​ឲ្យ​នាង​ខឹង តាម​ទៅ​រក​ដល់​ផ្ទះ​ប្រពន្ធដើម​ ទាស់​ពាក្យ​សម្តី​គ្នា​ទាញ​ដុំ​ថ្ម​គប់​ប្រពន្ធដើម​បែកក្បាល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ។

បុរសកំហូចខាងលើមានឈ្មោះ ច​ន សុ​ភ័​ក្រ អាយុ​៣០​ឆ្នាំ មុខរបរ​មេការ​សំណង់ ស្នាក់​នៅផ្ទះ​កន្លែង​កើតហេតុ ។ ប្រពន្ធដើម​មានឈ្មោះ ខ​.​ណ​.​រ អាយុ​៣២​ឆ្នាំ មុខរបរ​មេផ្ទះ ស្នាក់​នៅ​កន្លែង​កើតហេតុ មានកូន​ស្រី​២​នាក់​រស់នៅ​ក្នុង​បន្ទុក ។ ចំណែកឯ​ស្ត្រី​ជា​ប្រពន្ធចុង​មានឈ្មោះ ម​.​ស​.​ន អាយុ​៤២​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មានមុខ​របរ​នៅផ្ទះ មានកូន​ប្រុស​២​នាក់ មាន​ទីលំនៅ​ភូមិ​សំរោង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​កាបកស្រាយពីស្ត្រី​ជា​ប្រពន្ធដើម ​បាន​ឲ្យ​ដឹង​ថា គាត់​ក៏​មិន​ច្បាស់ការ​ថា​ប្តី​របស់​គាត់​បង្កាត់ភ្លើង​ស្នេហ៍​ ជាមួយ​អ្នក​មេម៉ាយ​ខាងលើ​ពី​ពេល​ណា​នោះ​ដែរ ហើយ​ស្នេហា​ស៊ីជម្រៅ​ដល់ក​ម្រិត​ណា​នោះ​ ក៏​មិន​បានដឹង​ច្បាស់​ដែរ ក៏​ប៉ុន្តែ​តាម​អ្វី​ដែល​គាត់​ដឹង​ប្តី​របស់​គាត់​ធ្លាប់​ទៅ​ធ្វើ​របង​ផ្ទះ​ឲ្យ​អ្នក​មេម៉ាយ​ខាងលើ​ ហើយ​មិនដឹង​ថា យ៉ាងម៉េច​បានជា​ប្តី​របស់​គាត់​ទៅ​លង់​នឹង​សម្រស់​ស្ត្រី​ខាងលើ​វ័យ​រហូត​ដល់​៤០​ប្លាយ​ទៅ​ហើយ​ សង្ស័យ​នៅផ្ទះ​ហូប​តែ​សម្លម្ជូរ​ពេក​ ក៏​មិនដឹង ទើបតែ​កន្លះ​ខែ​កន្លង​មកនេះ​ ប្តី​របស់​គាត់​ប្លែក​ទាំង​សម្តី​សំដៅ និយាយ​ទូរស័ព្ទ​ដូច​ជា​លាក់លៀម​ហាក់បីដូចជា​មានរឿង​អា​ថ៌​កំបាំង តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​អ្វី​ដែល​លោក​ប្តី​លួច​សាង​នោះ​លាក់​មិន​ជិត​ឡើយ ​ក្រោយ​ពី​បែកធ្លាយ​រឿង​តាម​រយ:​ទូរស័ព្ទ ស្ត្រី​ប្រពន្ធចុង​ទូរស័ព្ទ​មក​ប្តី​របស់​គាត់ ​តែ​ប្តី​គាត់​ជាប់រវល់​គាត់​លើក​ទទួល​ជំនួស​ស្ត្រី​មេម៉ាយ​អះអាង​ថា ខ្លួន​ជា​ប្រពន្ធ​ទៅ​វិញ ទើប​កើត​ទៅ​ជា​រឿង​ងឿងឆ្ងល់ លោក​ប្តី​ដែល​ខ្លួន​ដេក​ឱប​នឹង​ដើមទ្រូង​រាល់​យប់​សោះ ចុះ​ហេតុ​អ្វី​បានជា​អ្នក​ផ្សេង​មក​អះអាង​ថា​ ត្រូវជា​ប្រពន្ធ?
ទើបតែ​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែមករា ឃើញ​ស្ត្រី​ខាងលើ​មក​ផឹកស៊ី​នៅ​ហាង​មុខ​ផ្ទះ​តែ​មិន​បាន​ចាប់អារម្មណ៍​ លុះដល់​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ដដែល​នេះ​ស្ត្រី​រូប​នេះ​ ស្ថិត​ក្នុង​សភាព​ស្រវឹង​បែរជា​មក​រករឿង​គាត់​ដល់​ក្នុងផ្ទះ​ទៅ​វិញ ទាមទារ​សុំ​យកប្តី ដោយអ្វី​ៗ​ពេល​នោះ ធ្វើឲ្យគាត់​ស្រឡាំងកាំង​ចង់​ភាំង​បន្តិច ចង់​សន្លប់​បន្តិច ក្រោយ​ពី​មាន​ស្រី​ផ្សេង​មក​សុំ​យកប្តីខ្លួន។ ក្រោយ​ពី​ទាស់សម្តី​គ្នា​ទៅ​វិញ​ទៅ​មក ស្ត្រី​ជា​ប្រពន្ធចុង​ស្រវា​ទាញ​បាន​ដុំ​ថ្ម​គប់​សំដៅ​ប្រពន្ធដើម ​បណ្តាល​ឲ្យ​រង​របួស​បែកក្បាល បង្ក​ឲ្យ​ផ្អើល​អស់អ្នក​ភូមិ ទាំង​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍ ​ឃាត់​ទាំង​ជន​រង​គ្រោះ​ទាំង​ជន​បង្ក​ទៅ​សម្របសម្រួល​និយាយ​គ្នា ​នៅ​ប៉ុស្តិ៍​នគរបាល ខណ:​ដែល​រឿងរ៉ាវ​សង្គ្រាម​ស្នេហា​ត្រីកោណខាងលើ​ផ្ទុះ​ឡើង​ភាគី​ខាង​ប្រុស បាន​គេចខ្លួន​បាត់ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ស្ត្រី​បង្ក​ បាន​ឲ្យ​ដឹង​ថា រឿង​ស្នេហា​ខាងលើ​នេះ​ទាល់តែ​ទ​ម្ព​ក់​វា​ទៅ​ទើប​ព្នៅ​វា​មក ​គាត់​ស្រឡាញ់​គ្នា​ជាមួយ​បង​មេជាង​សំណង់​អស់​រយ:ពេល​ជាង​១​ខែ​មក​ហើយ គ្រា​ដើម​ផ្តើម​ស្នេហ៍​ខណ:​ដែល​លោក​បង​ជាងសំណង់​គាត់​ ទៅ​ធ្វើ​របង​ផ្ទះ​គាត់ ​នៅ​ភូមិ​សំរោង សង្កាត់​សំរោង​ក្រោម ក្នុង​ការងារ​របស់​ជាង​បណ្តើរ និយាយ​លេង​បណ្តើរ ​សាកសួរ​ទៅ​លោក​បង​ជាង​ប្រាប់​ថា ខ្លួន​នៅ​ទំនេរ «​ពោះម៉ាយ​» គិត​ថា កាលបើ​លោក​ពោះម៉ាយ ​ប៉ះ​ជាមួយ​អ្នក​មេម៉ាយដូចគ្នា ​ក៏​គ្មាន​អ្វី​ខុស​ទាស់​ដែរ។
នៅពេលនោះទំនាក់ទំនងពួកគាត់ ​កាន់តែ​ស៊ីជម្រៅ​រហូត​ឈាន​ដល់​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​មេជាង ​ទើប​ហ៊ាន​ប្រគល់​ខ្លួន​បង់ប្រាណ​ឲ្យ​លោក​មេជាង​សំណង់ ម្តង​ហើយ​ម្តងទៀត តែរយ:ពេល​៣​ថ្ងៃ​កន្លងមកនេះ ​គាត់​មក​ម្តុំ​ភូមិ​ដំណាក់​ផ្ទួន​ៗ​គ្នា ​តាម​រក​លោក​បង​ជាងសំណង់ តែ​មិនឃើញ លុះ​មក​ដល់​រសៀល​ថ្ងៃ​ទី​១៣ មក​រា គាត់​មក​ផ្ទះ​ពេទ្យធ្មេញ​នៅ​ក្នុងភូមិ​ដំណាក់​បានចូល​ហាង​ផឹកស៊ី​តាំងពី​ថ្ងៃរសៀល​ រហូត​ដល់​យប់​ ដើម្បី​​ចាំ​មើលផ្លូវបងមេជាងចេញមកជួប នៅយូរ​ពេកបាន​ដើរទៅ​សួរ​ដល់​ក្នុងផ្ទះ​ក៏កើតជាជម្លោះពាក្យ​សម្តី​ ជ្រុលដៃ​យកដុំ​ថ្មគប់​ប្រពន្ធដើម​តែម្ដងទៅ។

ភាគី​ទាំង​២​ក្រោយ​កើត​ជម្លោះ​ បង្ក​ឲ្យ​មាន​របួស​ស្នាម​នោះ ត្រូវបានប៉ូលិស​ហៅ​ចូល​ប៉ុស្តិ៍​សម្របសម្រួល​គ្នា​ ​ទីបំផុត​ភាគី​បង្ក​​ចេញសងថ្លៃ​ព្យាបាល​របួស​ចំនួន​១០​ម៉ឺន​រៀល ​ដើម្បី​បញ្ចប់រឿង​ហិង្សា ។ ដោយឡែក​ចំណែករឿង​ស្នេហា​ត្រីកោណ​នោះវិញ ​ទុក​ឲ្យ​ភាគី​ជាប់ពាក់ព័ន្ធទាំង​៣ ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕

មតិយោបល់