ព័ត៌មានជាតិ

ឃុំខ្លួនមនុស្ស ​៤នាក់ ដែលវាយនគរបាល​ខណ្ឌ​សែនសុខ​

ភ្នំពេញ: យោងតាមប្រភពពី សមត្ថកិច្ចខណ្ឌសែនសុខ បានឱ្យដឹងថា លោក គឹម រ័ត្នណារិន ចៅក្រម​ស៊ើបសួរ​ នៃសាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ កន្លងទៅ បានចេញដីកាសម្រេចបង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទ ​៤នាក់ដែលបានវាយ នគរបាលខណ្ឌសែនសុខ​ ដាក់​ពន្ធនាគារបណ្តោះអាសន្ន​ ដើម្បីទុកបន្តនីតិវិធីនាពេលក្រោយ។

ប្រភពដដែលបន្ដថា ជនត្រូវចោទតំណាងអយ្យការចោទប្រកាន់លើ ទី១.ឈ្មោះ ម៉ៅ យឺត ទី២.ឈ្មោះ ជុំ ម៉ាលី ទី៣.ឈ្មោះ ជុំ ចម្រើន និងទី៤.ឈ្មោះ សុំ នីម៉េត ពីបទហិង្សាដោយចេតនា ប្រព្រឹត្តកាលពី​ថ្ងៃទី​០៨​ ខែ​មករា​ ឆ្នាំ២០១៨​ នៅចំណុចមុខផ្សារទំនើបស៊ុបភឺស្ព័រ​ ផ្លូវ​លេខ​១៩៨៦​ ភូមិ​ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ យោងតាម​មាត្រា​២១៧​នៃក្រមព្រហ្មទណ្ឌ​។

គួររំឭកថា នៅថ្ងៃកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានដាក់គោលដៅត្រួតពិនិត្យគ្រឿងផ្ទុះ និង ជាតិអាល់កុល នៅចំណុចមុខផ្សារទំនើបស៊ុបភឺស្ព័រ​ ផ្លូវ​លេខ ​១៩៨៦​ ភូមិ​ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំពេញថ្មី​ គ្រានោះសមត្ថកិច្ច បានឃាត់ម៉ូតូរបស់ជនត្រូវចោទជិះពីរនាក់ ពាក់ព័ន្ធករណី គ្មានស្លាកលេខ និងបើកបរក្រោមស្ថានភាពស្រវឹង។

ក្រោមពីសមត្ថកិច្ចឃាត់សួរនាំក៏ត្រូវជនជាប់ចោទឈ្មោះ ជុំ ចម្រើន និងឈ្មោះ ជុំ ម៉ាលី បានទូរស័ព្ទហៅ បក្ខពួក មកស្រែកឡូឡា រហូត បង្កជាទំនាស់ ហិង្សា លើសមត្ថកិច្ចតែម្តង។

ទើបសមត្ថកិច្ចឃាត់ខ្លួន បានជនត្រូវជាប់ចោទទាំង៤នាក់ យកទៅអធិការខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

មតិយោបល់