Post News Media ព័ត៌មានជាតិ មេខ្លោងជួញដូរ...

មេខ្លោងជួញដូរគ្រឿងញៀនដ៏ធំម្នាក់ នៅក្រុងប៉ោយប៉ែត ត្រូវសមត្ថកិច្ចចាប់ចូលប៉ុស្តិ៍

បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោមការស៊ើបអង្កេតជាច្រើនខែនូវមុខសញ្ញាជួញដូរគ្រឿងញៀន កម្លាំងជំនាញរបស់អាវុធហត្ថខេត្ត ក្រោមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការសម្របសម្រួលពីលោក មាស ចន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្ត បានចាប់និងឃាត់ខ្លួនបក្ខពួក និងមុខសញ្ញាជួញដូរគ្រឿងចំនួន៦ នាក់ ដែលកំពុងលាក់ខ្លួន ធ្វើសកម្មភាពលក់ និងចែកចាយយ៉ាងសកម្ម ក្នុងក្រុងប៉ោយប៉ែត។

ការឃាត់ខ្លួននេះ កម្លាំងជំនាញអាវុធហត្ថខេត្ត និងក្រុង បានប្រតិបត្តិការនៅទីតាំងផ្សេងគ្នាចំនួនពីរ រយ:ពេលពីរថ្ងៃ គឺថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០១៨ ទើបចាប់ខ្លួនមេខ្លោងបាន។

លោកឧត្តមសេនីយ៍ បោន ប៊ិន បានបញ្ជាក់ថា កម្លាំងប្រតិបត្តិការបានឃាត់ខ្លួនមេខ្លោងគ្រឿងញៀន ម្នាក់ឈ្មោះ លី លាងគង់ ភេទប្រុសអាយុ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ វុន សុភាព អាយុ២៨ឆ្នាំ រស់នៅចំណុចចាប់ខ្លួន ក្នុងបន្ទប់ជួលក្នុងបរិវេណកាស៊ីណូផ្កាយ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត។

វត្ថុតាងដកហូតរួមមាន កញ្ឆាស្ងួត៤ថង់ ទម្ងន់៥៥២១.៣ក្រាម គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ៧ថង់កិប ទម្ងន់២៥០.៨ក្រាម គ្រឿងញៀនអិចស្តាស៊ីចំនួន៥៩៤គ្រាប់ និង៥ថង់កិបទម្ងន់ ១៧៧.៧ ក្រាម ថ្នាំជក់ចំនួន១ថង់កិបទម្ងន់២៤.៦ក្រាម។

ក្នុងនោះបានដកហូតអាវុធខ្លី២ដើម គ្រាប់កាំភ្លើងម៉ាក បារ៉ែតាតូចចំនួន៥០គ្រាប់ គ្រាប់ម៉ាកកាលីឌូ ២៥គ្រាប់ គ្រាប់ថ្នាំរាងមូលទ្រវែងសលឿងពីរគ្រាប់ ទឹកសច្រកដបរុំស្គុតពីរដប ជញ្ជើងសម្រាប់ថ្លឹងមួយ ដបជក់ស៊ីសាមួយ ទឹកថ្នាំ៤ដប ឧបករណ៍មូរបារីកញ្ឆាបី គ្រាប់កាំភ្លើងខ្លី១៣គ្រាប់ស្រោមកាំភ្លើង៤ ព្រមទាំងរថយន្តឡុចស៊ីសមួយគ្រឿង៕

Loading...