ព័ត៌មានជាតិ

រវល់តែងាកជជែកគ្នា ជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់ចូលស្រែ

ភ្នំពេញ: យុវជនម្នាក់ បានបើករថយន្តដឹកធុងខ្យល់អុកស៊ីហ្ស៊ែន១គ្រឿងធ្លាក់ផ្លូវ រួចក្រឡាប់ចូលស្រែបោកផ្ទប់ជាមួយបង្គោលភ្លើង១ដើម ប៉ុន្តែមិនបានបណ្ដាលឲ្យបាក់បង្គោលភ្លើងឬរងរបួសនិងខូចខាតរថយន្តធ្ងន់ធ្ងរនោះឡើយ។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅតាមផ្លូវលំចូលភូមិរំដួលខាងត្បូង សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដែលក្រឡាប់នោះម៉ាកគា ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2AN-3075 បើកបរដោយយុវជនមិនស្គាល់ឈ្មោះ រួមដំណើរដោយយុវជនដែលជាព្រូម្នាក់ទៀតផងដែរ។ នៅមុនពេលកើតហេតុរថយន្តនេះបាន ដឹកធុងខ្យល់អុកស៊ីហ្ស៊ែនជាង២០បំពង់ ចេញពីទីតាំងមួយស្ថិតនៅក្នុងភូមិអន្លុងក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ យកទៅដាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតនៅក្នុងភូមិត្រពាំងគល់សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ដោយបានបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ យុវជនដែលជាអ្នកបើកបរបានងាកទៅជជែកជាមួយយុវជនដែលជាព្រូគ្នាភ្លេចខ្លួន ក៏បានរេចង្កូតជ្រុលធ្លាក់ចូលវាលស្រែនិងក្រឡាប់ទាំងបះជើងតែម្ដង។

ក្រោយពេលកើតហេតុអ្នកបើកបរបានហៅរថយន្តស្ទូចចេញពីក្នុងស្រែរួចលើកធុងខ្យល់នោះដឹកបន្តទៅកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបន្តទៀត៕

មតិយោបល់