ព័ត៌មានជាតិ

ក្រុមក្មេងទំនើងដេញវាយគ្នា ផ្អើលនៅតាមផ្លូវសាធារណៈ ត្រូវសមត្ថកិច្ចចាប់ចូលប៉ុស្តិ៍

ភ្នំពេញ: ក្រុមក្មេងទំនើងចំនួន៦នាក់ ក្រោយពីកើតទំនាស់ពាក្យសម្តី រួចក៏ជិះម៉ូតូដេញវាយគ្នាប្រសាចតាមផ្លូវសារធារណ: ផ្អើលអស់ប្រជាពលរដ្ឋ និងអ្នកដំណើរតាមផ្លូវភ័យនាំគ្នារត់គេ ភ្លាមៗនោះសមត្ថកិច្ចចេញអន្តរាគមន៍ ចាប់ និងឃាត់ភាគីទាំងសងខាងបាន៦នាក់។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភ្លើងស្តុបផ្លូវហាណូយ កែងផ្លូវសម្តេចជាស៊ីម ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមនគរបាលបានឲ្យដឹងថា ភាគីទី១មានគ្នា៤នាក់
ទី១.ឈ្មោះ លីង ញិ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ទី២.ឈ្មោះ ហេង លីណា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅជាមួយគ្នា ទី៣.ឈ្មោះ សឿន សុខអែម ភេទប្រុស អាយុ១៨ឆ្នាំ និងទី៤ មិនស្គាល់ឈ្មោះ បានរត់គេចខ្លួនបាត់។

ចំណែកភាគីទី២ មានគ្នា៣នាក់ ទី១.ឈ្មោះ គឹម តឿ ភេទប្រុស អាយុ២១ឆ្នាំ ទី២.ឈ្មោះ រស់ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ និងទី៣ ឈ្មោះ ឆេង ហៀង ភេទប្រុស អាយុ១៨ឆ្នាំ។

អ្នកទាំង៦នាក់ មាន២នាក់ ក្រោយតេស្តទឹកនោម មានសារធាតុញៀន ហើយពួកគេទាំងអស់ ប្រកបមុខរបរ ជាកម្មករ បាញ់ថ្នាំ នៅក្រុមហ៊ុនលាយបេតុង ថៃហ្គ័រ ស្នាក់នៅភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវជាមួយគ្នា ។

តាមប្រជាពលរដ្ឋអ្នកដំណើរតាមផ្លូវបានឲ្យដឹងថា ពួកគាត់ភ័យស្លន់ស្លោ រត់គេចប្រាសអាយុ ដោយខ្លាច ក្រុមក្មេងទំនើងខាងលើ បើកឆាកប្រយុទ្ធ ដើម្បីយកពានពីសមត្ថកិច្ច ខណ:ជិះម៉ូតូដេញវាយគ្នាតាមផ្លូវ សំណាងល្អបានកម្លាំងអធិការដ្ឋាន ចេញមកបង្ក្រាបចាប់ និងឃាត់បានភ្លាមៗ កុំអីម្ខាងៗមានអ្នកបែកក្បាលហូរឈាមស្រោចខ្លួនជាមិនខាន ។

តាមចម្លើយសារភាពក្រុមក្មេងទំនើង បានឲ្យដឹងថា ក្រោយពីកើតទំនាស់សម្តី ក្នុងកន្លែងការងារ មិនហ៊ានឈ្លោះ ហើយពេលជិះម៉ូតូវិលត្រឡប់ទៅផ្ទះវិញ តាមផ្លូវមកដល់ចំណុចភ្លើងស្តុបខាងលើ ទើបឈប់ដេញវាយគ្នាតែម្តង ត្រូវបានប៉ូលិសដេញតាមចាប់ និងឃាត់ខ្លួនបាន៦នាក់ រត់គេចខ្លួនរួចម្នាក់ ។

បច្ចុប្បន្នក្រុមក្មេងទំនើងទាំងអស់ ត្រូវបាននាំទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

មតិយោបល់