ព័ត៌មានជាតិ

គិតថា «ស្រវឹងកុំបើកបរ» ខំឈប់ម៉ូតូដេកតាមផ្លូវ ត្រូវចោរលួចបាត់!

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក ជិះម៉ូតូមួយគ្រឿងទៅផ្ទះលែងរួច មកឈប់ដេកតាមចិញ្ចើមផ្លូវ ត្រូវបានជនសង្ស័យ៣នាក់ ជិះម៉ូតូមួយគ្រឿង មកឈប់ក្បែរឃើញឱកាសល្អ បានលបលួចយកម៉ូតូជនរងគ្រោះយកទៅបាត់ បង្កឲ្យមានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៤០នាទីយប់ ឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងលិចក្លឹប ផ្លេក្លឹប ប្រមាណជាង១០០ម៉ែត្រ តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ រស់ ចាន់ថន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជាអ្នកបុកគ្រឹះសំណង់ ស្នាក់នៅម្តុំផ្សារឈូកមាស ខណ្ឌសែនសុខ មានស្រុកកំណើត នៅឃុំតាត្រាវ ស្រុករមាសហែក ខេត្តស្វាយរៀង។

តាមការបញ្ជាក់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកZoomer-x ពណ៌ខៀវ ពាក់ស្លាកលេខ​ស្វាយរៀង 1K-7828 បានជិះចេញពីមជ្ឈមណ្ឌកោះពេជ្រទិសដៅពីកើតទៅលិចគោលបំណងត្រឡប់ទៅផ្ទះ លុះជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ នៅវេលាម៉ោងប្រមាណជា១១យប់ដោយខ្លួនស្រវឹងស្រានិងងងុយដេកផងនោះ បានឈប់ម៉ូតូអៀបនឹងចិញ្ចើមផ្លូវ រួចចុះពីលើម៉ូតូនិងបានដកសោដាក់ក្នុងហោប៉ាវខោនិងបានដើរចេញពីម៉ូតូប្រមាណជា៣ម៉ែត្រ ដេកលក់បាត់ ទៅលុះដល់ម៉ោងកើតហេតុរូបគាត់ភ្ញាក់ឡើងមិនឃើញម៉ូតូគាត់ទៅហើយ ខណ:នោះក៏មានគេមកប្រាប់ថាឃើញជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកបានមកឈប់ក្បែរម៉ូតូរបស់គាត់ដោយឃើញឱកាសល្អស្ងាត់ផងនោះ ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់បានចុះលើម៉ូតូមកបណ្តើរម៉ូតូជនរងគ្រោះចេញរួចបក្ខពួក២នាក់បានជិះម៉ូតូរបស់ខ្លួនរុញពីក្រោយយកទៅបាត់ បន្សល់ទុកជនរងគ្រោះនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតជនរងគ្រោះបានហៅម៉ូតូឌុបជិះមកដាក់ពាក្យបណ្តេឹងនៅប៉ុស្តិ៍នគរបាលដ្ឋបាលសង្កាត់ទឹកថ្លា ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកម៉ូតូយកមកវិញផង៕

មតិយោបល់