ព័ត៌មានជាតិ

មានដំណឹងថា តុលាការសាលាឧទ្ធរណ៍ ដោះលែង មេធាវី អ៊ិត ពិសិដ្ឋរង្សី ឱ្យនៅក្រៅឃុំ

ភ្នំពេញ: យោងតាមប្រភពពីមន្ត្រីតុលាការឧទ្ធរណ៍ បានបង្ហើបថា សភាស៊ើបសួរនៃសាលាឧទ្ធរណ៍បានសម្រេច ដោះលែងជនត្រូវចោទជាមេវី អ៊ិត ពិសិដ្ឋរង្សី ដែលជាប់គុក រឿង ដកកាំភ្លើងបាញ់គេបាញ់ឯងពេលស្រវឹងស្រា កាលពីចុងឆ្នាំ២០១៧កន្លងឱ្យ បានចេញពីគុកបណ្តោះអាសន្នហើយកាលពីម្សិលមិញ។

ប្រភពបន្ដថា ការសម្រេចនេះ ធ្វើឡើងក្រោយពី លោក ថាន់ ឡេង ចៅក្រមស៊ើបសួរនៃសាលាដំបូងក្រុងភ្នំពេញ បានបដិសេធ ការស្នើសុំនៅក្រៅឃុំរបស់មេធាវី ជនត្រូវចោទ អ៊ិត ពិសិដ្ឋរង្សី។

ប៉ុន្តែបើយោងតាមលោក ពេជ្រ យ៉ុន ប្រធានពន្ធនាគាររាជធានីភ្នំពេញ បានប្រាប់ ថា មកដល់ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ ខាងពន្ធនាគារលោកនៅមិនទាន់បានទទួលដីកា បង្គាប់ឱ្យដោះលែងជនត្រូវចោទ ជាមេធាវី អ៊ិត ពិសិដ្ឋរង្សី នៅឡើយទេ។

សូមបញ្ជាក់ថា លោក ថាន់ ឡេង ជាចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចបង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទ មេធាវី អ៊ិត ពិសិដ្ឋរង្សី នៅគុកព្រៃស កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ។

ក្រោយមកជនត្រូវចោទ មេធាវី អ៊ិត ពិសិដ្ឋរង្សី បានប្តូរ ទៅឃុំខ្លួននៅ ពន្ធនាគាររាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧

គួររំឭកថា លោក ថាន់ ឡេង ជាចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកា សម្រេចឃុំខ្លួន ជនជាប់ចោទ ឈ្មោះ អ៊ិត ពិសិដ្ឋរង្សី ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ ក្រោយពីលោក សឿន មុនីរ័ត្ន ជាតំណាងអយ្យការ បានចោទប្រកាន់ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស យោងតាមមាត្រា ២១៧ និងមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

យោងតាមរបាយការណ៍សន្និដ្ឋានបឋមរបស់សមត្ថកិច្ច បានចោទប្រកាន់ឈ្មោះ អ៊ិត ពិសិដ្ឋរង្សី ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប៉ុន្តែត្រូវបានតុលាការលើកចោលនូវបទចោទ ពាក់ព័ន្ធនឹងអាវុធ ដោយរក្សាទុកតែរឿងហិង្សា តែមួយប៉ុណ្ណោះ។

យោងតាមប្រភពពីសមត្ថកិច្ចខណ្ឌ ៧មករា បានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ មានករណីបាញ់បោះ សេរីមួយបានកើតឡើង នៅចំណុច ហាងមីទារខ្វៃ មុខពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងសង្កាត់វាលវល់ ខណ្ឌ៧មករា ក្បែររបងផ្ទះ របស់លោក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បង្កឡើងដោយជនសង្ស័យខាងលើ បណ្តាលឱ្យជនងគ្រោះម្នាក់ឈ្មោះ លី តុលា ភេទប្រុស អាយុ ២២ឆ្នាំ ត្រូវចំមេជើងស្ដាំ។

ក្រោយបាញ់ចំជនរងគ្រោះឈ្មោះ លី តុលា ជនត្រូវចោទបាន គំរាមបាញ់សម្លាប់ជនរងគ្រោះម្នាក់ទៀត ឈ្មោះ ខុន បញ្ចាសិទ្ធិ ដែលព្យាយាមជួយ ជនរងគ្រោះឈ្មោះ លី តុលា។
ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនត្រូវចោទ ជាមួយរថយន្តម៉ាក Lexus 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8254 មួយគ្រឿង និងដកហូតបាន អាវុធខ្លី ម៉ាក GLOCK មួយដើម មានគ្រាប់ចំនួន ១០គ្រាប់ សំបកគ្រាប់ចំនួន ២ និងបង់មួយ។

យោងតាមសមត្ថកិច្ច ជនត្រូវចោទ បានសារភាពថា នៅមុនពេលកើតហេតុខ្លួន បានជិះរថយន្តម៉ាក Lexus 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8254 ចេញពីហូបការគេនៅម្តុំផ្សារដើមគរ ទៅផឹកស៊ីបន្តជាមិត្តភក្តិ នៅហាងមីទាខ្វែ ម្តុំផ្លូវលេខ២១១ កែងផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា។ ក្រោយពីផឹកស៊ីរួចក៏មានការ បង្អាប់គ្នាលេង រហូតមានរឿងបាញ់នេះតែម្តង។

សូមបញ្ជាក់ថា ជនត្រូវចោទឈ្មោះ អ៊ិត ពិសិដ្ឋរង្សី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មេធាវី មានទីនៅផ្ទះលេខ៥៨៣ ផ្លូវលេខ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានអត្តលេខ ៩៩១ បានក្លាយជាមេធាវីពេញសិទ្ធិកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ក្រោយពីលោកបានធ្វើសម្បថកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥។

បើយោងតាមមាត្រា ២១៧ និងមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ បទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយមានប្រើប្រាស់អាវុធ ឬគំរាមកំហែងនឹងអាវុធ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ ពី៤លាន ទៅ១០លានរៀល៕

មតិយោបល់