ព័ត៌មានជាតិ

ព្រួញ១បាញ់បានសត្វ២! ចាប់បានទាំងម៉ូតូខុសច្បាប់ចរាចរណ៍បាន៣០គ្រឿង រួមនិងគ្រឿងញៀន!

ភ្នំពេញ: គណ:បញ្ជាការឯកភាពខណ្ឌសែនសុខ បានដាក់គោលដៅឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះនិងពង្រឹងច្បាប់ចរាចរណ៍ ដើម្បីទប់ស្កាត់បទល្មើស និងគ្រោះថ្នាក់នានាក្នុងមូលដ្ឋាន បានធ្វើការឃាត់ម៉ូតូចំនួន៣០គ្រឿង ដែលមិនគោរពច្បាប់ចរាចរណ៍ និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមទាំងថ្នាំញៀន១កញ្ចប់តូច។

ប្រតិបត្តិការនេះ ធ្វើឡើតនៅម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នៅត្រង់ចំណុចខាងមុខស្ថានីយ៍ព្រេងឥន្ធន: តេលា តាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទី​១ឈ្មោះ​ គង់​ ប្រាថ្នា​ ភេទ​ប្រុស​ អាយុ​១៦ឆ្នាំ​ មុខ​របរ​ ជាង​ពិដាន​ ស្នាក់នៅ​ផ្ទះ​ជួល​ ភូមិ​បាយ៉ាប​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ និងទី​២ឈ្មោះ​ លី​ តួ​ ភេទ​ប្រុស​ អាយុ​១៧ឆ្នាំ​ មុខ​របរ​ជាង​ពិដាន​ ស្នាក់នៅ​ជាមួយ​គ្នា​។

ប្រតិបត្តការនេះដឹកនាំដោយលោក ហោ វាសនា អភិបាលរងខណ្ឌសែនសុខ តំណាង លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ លោក គួក សុខហួរ អធិការរង តំណាងលោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ និងកម្លាំងកងរាជអាវុហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ទៀត។

ក្នុងការដាក់គោលដៅឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះពង្រឹងច្បាប់ចរាចរណ៍ខាងលើកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌបានធ្វើការចាប់ឃាត់ម៉ូតូចំនួន៣០គ្រឿងដែលក្នុងនោះមានម៉ូតូចំនួន២៤គ្រឿងជិះអត់ពាក់មួកសុវត្ថិភាព ម៉ូតូចំនួន៤គ្រឿងជិះអត់ដាក់កញ្ចក់មើលក្រោយ និងម៉ូតូចំនួន២គ្រឿងទៀតអត់ពាក់ស្លាកលេខ។ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ខាងលើ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងម៉ាក ស៉ីរ៉ូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1AP-0054 ដោយជិះអត់ដាក់កញ្ចក់និងអត់មានពាក់មួកសុវត្ថិភាព ហើយសមត្ថកិច្ចក៏បានកាក់ឃាត់ហើយដោយមានការសង្ស័យសមត្ថកិច្ចក៏ធ្វើការឆែកឆេរក៏ប្រទះឃើញថ្នាំញៀនមួយកញ្ចប់តូចនៅលើខ្លួនជនសង្ស័យឈ្មោះ លី តួ ហើយក៏ធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង។

បច្ចុប្បន្នម៉ូតូ៣០គ្រឿងលើរួមទាំងម្ចាស់ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំធ្វើការអប់រំនិងផាកពិន័យទៅតាមផ្លូវច្បាប់។ ដោយឡែកជនសង្ស័យទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាក់ការទៅតាមនិតិវិធីច្បាប់៕

មតិយោបល់