ព័ត៌មានជាតិ

ឧកញ៉ា​ពៅ​ ថៅកែ​រណ្ដៅ​ដី ​នៅ​ស្រុក​ស្អាង​ បាញ់​គំរាម​មន្ត្រី​ជំនាញ​ក្រសួង​រ៉ែ​និង​ថាមពល​ ពេល​ចុះ​ពិនិត្យ​រណ្តៅ​ដី​ខុសច្បាប់​

កណ្តាល: ​ឧកញ៉ា​ ពៅ​ ដែលគេស្គាល់ថា ថៅកែ​រណ្ដៅ​ដី​ជា​ច្រើន​កន្លែង ​នៅ​ស្រុក​ស្អាង​ កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ស្វែងរក​ចាប់​ខ្លួន​ ក្រោយ​បាញ់បោះ​សេរី​ជា​ច្រើន​គ្រាប់​។

ប្រភពពីមន្ត្រីប៉ូលិស សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ឲ្យ​ដឹងថា​ នេះ​ជាបទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង​បានបង្កឲ្យមាន​​អសន្តិសុខ​ក្នុង​មូលដ្ឋាន ​ដែល​ពុំ​អាច​លើកលែង​បាន​ឡើយ​។

ការ​បាញ់​បោះ​សេរី​នេះ​ កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨​ ខែ​មករា​ ឆ្នាំ ២០១៨ បន្ទាប់ពីឧកញ៉ា​រូបនោះ មានការខឹង​នឹង​មន្ត្រី​ជំនាញ​ក្រសួង​រ៉ែ ​និង​ថាមពល​ ចុះ​ពិនិត្យ​រណ្ដៅ​ដី​គ្មាន​ច្បាប់​អនុញ្ញាត​របស់ខ្លួន​។

ឧកញ៉ា​ពៅ​ ដែល​មានទីលំនៅ​ ក្នុងក្រុង​តាខ្មៅ​ ពេលនេះ ​សមត្ថកិច្ច​កំពុង​សុំ​គោលការណ៍​ពី​លោក​ លាវ​ ស្រេង​ ព្រះ​រាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល​ ដើម្បី​ឃាត់​ខ្លួន​យក​មក​សាកសួរ​តាម​នីតិវិធី​ ។

នគរបាល​ស្រុក​ស្អាង​ នៅ​ថ្ងៃ​ទី​១៩​ ខែមករា​ នេះ​ ក៏បានចុះ​ដល់​កន្លែង​កើត​ហេតុ​ផងដែរ​ ដោយ​រកឃើញ​សំបក​គ្រាប់​ផ្ទុះជាច្រើន​​ ដែល​ឧកញ៉ា​ ពៅ​ បានបាញ់​គំរាម​មន្ត្រី​ជំនាញ​ក្រសួង​រ៉ែ ​និង​ថាមពល​ ។

សមត្ថកិច្ច បាន​ឲ្យ​ដឹងទៀតថា​ ឧកញ៉ា​ ពៅ ដែលជាថៅកែរណ្តៅដីជើងខ្លាំង មិនត្រឹមព្រហើនបាញ់គំរាមមន្ត្រីរាជការសាធារណ:នោះទេ ថែមទាំងមានកាំភ្លើង៣ដើម ដោយគេមិនទាន់ដឹងថា មានលិខិតអនុញ្ញាតឲ្យប្រើអាវុធ បានត្រឹមត្រូវដែរឬយ៉ាងណាទេ៕

មតិយោបល់