ព័ត៌មានជាតិ

រថយន្ត៤គ្រឿងបុកបន្តកន្ទុយគ្នា រងការខូចខាត នៅខណ្ឌជ្រោយចង្វារ!

ភ្នំពេញ: រថយន្ត៤គ្រឿងជាន់ហ្វ្រាំងបង្អង់ ខណ:រថយន្តមួយគ្រឿងកំពុងបើកឆ្លងផ្លូវបណ្តាលឲ្យបុកតកន្ទុយគ្នារងការខូចខាតរថយន្ត៣គ្រឿង តែសំណាងល្អក្នុងហេតុការណ៍នោះមិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ចំណុចមុខសណ្ឋាគារ ណាហ្សាតូ ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តបើកខាងទី១ម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Y 8315 រងការខូចខាតក្រពឹតខាងក្រោយ ក្រោយកើតហេតុត្រូវបានម្ចាស់រថយន្តម៉ាកហ៊ីយ៉ាន់ដាយចេញថ្លៃជួលជុលឲ្យ។ រថយន្តទី២ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-7223 រងការខូចខាតបន្តិចបន្តួច រថយន្តទី៣ម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AL-4441 រងការខូចខាតដាច់រលាតកាងក្រោយខាងស្តាំបន្តិចបន្តួច ក្រោយកើតហេតុត្រូវបានម្ចាស់រថយន្តម៉ាកឡិចស៊ីសចេញថ្លៃជួលជុលឲ្យ។

ទី៤-ម៉ាកឡិចស៊ីស ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ2W-7219 បែកស្តុបមុខផ្នែកខាងឆ្វេងរថយន្ត។ចំណែកឯអ្នកបើកបររថយន្តទាំង៤គ្រឿងមិនត្រូវបានស្គាល់អត្តសញ្ញាណ្ណនោះឡើយ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តទាំង៤គ្រឿងបើកបរតាមបណ្តោយផ្លូវជាតិលេខ៦អា ស្របទិសគ្នាក្នុងទិសដៅពីត្បូងទៅជើង ខណ:ដែលមកដល់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកកំពុងបើកបរឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិចធ្វើឲ្យរថយន្តម៉ាកកូរ៉ូឡាបើកខាងមុខជាន់ហ្វ្រាំបង្អង់ហើយរថយន្តដែលបើកបរខាងក្រោយនោះជាន់ហ្វ្រាំមិនទាន់ក៏ជ្រុលចង្កូតទៅបុកគូទតៗគ្នាទាំង៤គ្រឿងតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុធ្វើការវាស់វែងហើយបានយករថយន្ត៤គ្រឿងមកដាក់ខាងចិញ្ចើមផ្លូវហើយធ្វើការដោះស្រាយគ្នាដោយភាគីខាងម្ចាស់រថយន្តម៉ាកហ៊ីយ៉ាន់ដាយបានព្រមចេញថ្លៃជួលជុលឲ្យរថយន្តម៉ាកកូរ៉ូឡា។ ចំណែកឯម្ចាស់រថយន្តម៉ាកឡិចស៊ីសបានព្រមចេញថ្លៃជួលជុលឲ្យរថយន្តម៉ាកRange Rover ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់